(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានសម្ដែងក្ដីរីករាយជាខ្លាំង ក្រោយឃើញប្រជាពលរដ្ឋមានពេលវេលាលេងកីឡា ដើម្បីលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយការមានពេលវេលាគ្រប់គ្រាន់ទៀតសោត ក៏ដោយសារប្រទេសកម្ពុជាមានសន្ដិភាព ។ នេះបើតាមការលើកឡើងក្នុងទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៨ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ។
លោករដ្ឋមន្ដ្រីបានលើកឡើងថា ទិវារត់ប្រណាំងនេះ គឺជារៀបចំឡើង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងរត់ដើម្បីទីក្រុងស្អាត ទីក្រុងបៃតង ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ដោយមានភ្ញៀវជាតិ-អន្ដរជាតិ ៥,៥១៦នាក់ចូលរួម ក្នុងនោះមានជនបរទេស ៥៩១នាក់មកពី ៣៩ប្រទេស និងកម្ពុជា ៤,០២៥នាក់ ពោលគឺកើនឡើង ១៥% បើធៀបនឹងឆ្នាំមុន ។ អ្វីដែលពិសេស ភ្ញៀវបរទេស ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះភាគច្រើន សុទ្ធតែបានបង្ហាញការយល់ឃើញកម្ពុជាពិតជាមានសន្ដិភាព និងស្ថេរភាពនយោបាយល្អពិតមែន ។
ប្រធាន NOCC ដដែលបានមានប្រសាសន៍ថា «អ្វីដែលយើងរៀបចំឡើង ហើយទទួលបានជោគជ័យ និងមានការកោតសរសើរពីភ្ញៀវបរទេសពេលនេះ គឺកើតឡើងដោយសារស្រុកទេសយើងមានសន្ដិភាព ។ សន្ដិភាពនេះហើយ ដែលធ្វើឲ្យបងប្អូនយើងមានពេលវេលាគ្រប់គ្រាន់ និងមានជីវភាពកាន់តែខ្ពស់ តាមរយៈការអភិវឌ្ឍន៍ឥតឈប់ឈររបស់ប្រទេសជាតិយើង ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជំរុញឲ្យប្រជាពលរដ្ឋមានលទ្ធភាពកម្សាន្ដទាំងផ្នែកទេសចរណ៍ និងកីឡា ដើម្បីទទួលបាននូវសុខភាពល្អប្រសើរ» ។
គួរបញ្ជាក់ថា ចំពោះលទ្ធផលក្នុងការរត់ នៃព្រឹត្តិការណ៍កីឡាបែបទេសចរណ៍ខាងលើ គឺវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្របុរសលេខ១ កីឡាករកម្ពុជា ម៉ា វីរ៉ូ, លេខ២ កីឡាករសញ្ជាតិកម្ពុជា Takizaki និងលេខ៣ កីឡាករជប៉ុន Homma Hiroshi ។ ផ្នែកនារី លេខ១ កីឡាការិនីអង់គ្លេស Hamill Jill, លេខ២ កីឡាការិនីជប៉ុន Sasaki Natsuno និងលេខ៣ កីឡាកាការិនីវៀតណាម Yen Vo Jencks ។ រីឯវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្របុរសលេខ១ កីឡាករបារាំង Chhrnet Stephane និងលេខ១ ផ្នែកនារី បានទៅកីឡាការិនីឡាវ Eodkeo Inthakoumman ។ ចំណែកលទ្ធផលរត់កម្សាន្ដ ៣គីឡូម៉ែត្រជ័យលាភីទាំងបុរស-នារី សុទ្ធតែបានមកអត្តពលិកកម្ពុជា ៕