(កណ្ដាល)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកលើកដែក និងជាអនុប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកលើកដែក នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ប្រជាការពារ សរុបចំនួនប្រមាណជាង៥៤០នាក់ ក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
ពិធីសំណេះសំណាលនោះ រៀចបំឡើងនៅទីស្នាក់ការគណបក្សប្រជាជន ស្រុកលើកដែក ខេត្តកណ្តាល។
ថ្លែងទៅកាន់កម្មករ កម្មការិនី លោក ហេត រតនា បានលើកឡើងថា កម្មករ កម្មការិនីបានយល់ដឹងច្រើន ពីកាវិវត្តន៍ប្រកបដោយវិជ្ជមាន ដែលជាការផ្លាស់ប្តូរប្រកបដោយក្តីសង្ឃឹម និងអត្ថប្រយោជន៍ សម្រាប់កម្មករ-កម្មការិនីទាំងអស់ ទាំងស្ថានភាពប្រាក់ឈ្នួល និងការគាំពារសំណាញ់សុខាមាភាពសង្គម ផលផ្លែផ្កាទាំងអស់នេះ ជាការខិតខំ និងគិតគូររបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ដែលតែងតែគិតគូរចំពោះសង្គមគ្រួសារ ជីវភាពរបស់កម្មករ-កម្មការិនីផងដែរ»។
លោកបានធើ្វការវាយតម្លៃខ្ពស់ អំពីលទ្ធផលការងារ ដែលអាជ្ញាធរមូលដ្ឋានសម្រេចបាន គឺផ្តើមចេញពីការខិតខំប្រឹងប្រែងរួមគ្នា ជម្នះរាល់ការលំបាក បំពេញតាមតួនាទីភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន។
ក្នុងពិធីនោះ លោកបានបញ្ជាក់យ៉ាងលំអិតថា ក្នុងឧបាយកលល្បិចកល របស់ក្រុមប្រឆាំង (អតីត CNRP) រាល់ទង្វើក្បត់ជាតិរបស់លោក កឹម សុខា និងលោក សម រង្ស៊ី អំពីអ្វីជាបដិវត្តន៍ពណ៌ ចរិកលក្ខណៈនៃបដិវត្តន៍ពណ៌ និងការនាំមកនូវភាពមហន្តរាយបណ្តាល មកពីការធ្វើបដិវត្តន៍ពណ៌។
លោក ហេង រតនា បានពន្យល់កម្មករ កម្មការិនី ចៀសវាងការជឿតាមការញុះញុង របស់ក្រុមជនអគតិមួយចំនួន ដែលកំពុងប្រើប្រាស់ឧបាយកលមួលបង្កាច់បង្ខូច និយាយអាក្រក់ លើកការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីតែផលប្រយោជន៍របស់ពួកគេ និងក្រុមរបស់គេ។
លោកក៏បានផ្តាំផ្ញើ ដល់សមាជិក សមាជិកាទាំងអស់ ត្រូវចូលរួមការពារសន្តិភាព ពង្រឹងនិតិរដ្ឋ ការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ដើម្បីធានាបានបរិយាកាសបោះឆ្នោត មានដំណើរការប្រកបដោយជោគជ័យ និងចូលរួមនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
ក្នុងពិធីនេះដែរ លោក ហេង រតនា ក៏បានផ្ដល់ជូនកម្មករ-កម្មការីនីប្រមាណជាង៥៤០នាក់ ក្នុងម្នាក់ៗ ទទួលបាន២ម៉ឺនរៀល និងស្រ្តីមានផ្ទៃពោះចំនួន១១នាក់ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល និងចំណាយផ្សេងៗមួយចំនួនទៀត។
បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះ លោក ហេង រតនា ក៏បានបន្តចុះសំណេះសំណាល មួយសមាជិក-សមាជិកា របស់គណបក្សប្រជាជន នៅក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែកប្រមាណ៣០០នាក់ និងបានចែកប័ណ្ណគណបក្សជូនប្រជាពលរដ្ឋផងដែរ៕