(កំពង់ចាម)៖ យ៉ាងហោចណាស់ជនសង្ស័យសរុប២១នាក់ ត្រូវកម្លាំងនគរបាលខេត្តកំពង់ចាម ចាប់ខ្លួនបានជាបន្ដបន្ទាប់នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ នៅស្រុកកងមាស និងស្រុកស្រីសន្ធរ ពាក់ព័ន្ធករណីគ្រឿងញៀន។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយជំនាញស្រុកកងមាស ស្រីសន្ធរ និងស្រុកមុខកំពូល ខេត្តកណ្តាល បានបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន០២ករណី ដោយប្រើវិធានញុះញង់ និងរដ្ឋបាលចំហរ។
ក្រោយឃាត់ខ្លួនបានជនសង្ស័យទាំង២១នាក់ខាងលើនេះ កម្លាំងជំនាញដកហូតបាន ថ្នាំញៀន១០កញ្ចប់ (ធំ០៤កញ្ចប់ និងតូច០៦កញ្ចប់), ទូរស័ព្ទ២៤គ្រឿង, ម៉ូតូ១១គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ។
យ៉ាងណាមិញ សម្រាប់ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនជាបន្ដបន្ទាប់នេះ លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត៕