(សៀមរាប) ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងមន្ទីរពេទ្យកុមារអង្គរ បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពស្រីស្នំ បានចំនួន ២,៩៦០នាក់/ករណី នៅស្រុកស្រីស្នំ នាថ្ងៃចុងសប្ដាហ៍ គឺសៅរ៍ ៤កើត ខែបឋមាសាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ ។

ក្នុងការចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដោយផ្ទាល់នេះ គឺដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប, លោក ប្រាក់ សោភ័ណ្ណ ប្រធានស្ដីទី ស.ស.យ.ក ប្រចាំខេត្តសៀមរាប, លោកអភិបាលស្រុកស្រីស្នំ, និងអស់លោក លោកស្រី មន្ត្រីរាជកានៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រួមនិងវត្តមានថ្នាក់ដឹកនាំ/មន្ត្រី នៃក្រុមការងារ នៅអង្គភាពទាំងពីរនេះ និងអាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យ/បុគ្គលិក នៃមន្ទីរពេទ្យកុមារអង្គរ ដែលក្នុងនោះ មានក្រុមគ្រូពេទ្យសរុបចំនួន ៨០នាក់ រួមនិងយុវជន ស.ស.យ.ក, យុវជនកាយរឹទ្ធិ, យុវជនកាក់បាទក្រហម សរុប ៧៥នាក់ ។ ក្នុងនោះក្រុមគ្រូពេទ្យក៏បានប្រើប្រាស់រថយន្ដគ្លីនិកចល័តរបស់មន្ទីរសុខាភិបាល ដែលជាអំណោយរបស់រដ្ឋាភិបាលចិន ចំនួន ២គ្រឿងផងដែរ ។

បើតាមរបាយការណ៍ពីក្រុមការងារនេះ បានប្រាប់បណ្ដាញអង្គភាព Fresh News ឲ្យដឹងថា ៖ ការពិនិត្យ និងព្យាបាលជំងឺ ក្នុងរយៈពេលពេញមួយថ្ងៃនោះ គឺមានប្រជាពលរដ្ឋ មកទទួលសេវាបានចំនួន ២,៩៦០នាក់/ករណី (សរុប ២,៤៧៥នាក់ និង ៤៨៥ករណី) ក្នុងនោះពិគ្រោះជំងឺមនុស្សចាស់ បានចំនួន ១៣៥០នាក់, ពិគ្រោះជំងឺកុមារ ៤៣០នាក់, ពិនិត្យភ្នែក ៤០៤នាក់, ពិនិត្យអេកូ ១០៩នាក់, មន្ទីរពិសោធន៍ ៤៥៨ករណី, ព្យាបាលដោយចលនា ៦៩នាក់, ពិនិត្យនិងព្យាបាលធ្មេញ ១២០នាក់, និងថតកាំរស្មីអ៊ិក បានចំនួន ១៣នាក់ ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបញ្ជាក់ថា គោលបំណងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្តសៀមរាប និងក្រុមការងារ គឺផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋក្រីក្រ ដោយឥតគិតថ្លៃ ។ ការពិនិត្យនិងព្យាបាលនេះ គឺជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាសុខាភិបាល និងផ្តល់ឱកាសជូនបងប្អូនដែលមានវិជ្ជាជីវៈពេទ្យ និងកម្លាំងស្ម័គ្រចិត្ត ចូលរួមធ្វើសកម្មភាពមនុស្សធម៌/សង្គម ។

លោក បានបញ្ជាក់ថា បេសកកម្មរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរសុខាភិបាលខេត្តសៀមរាប និងដៃគូរសហការ នឹងបន្តចុះព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅគ្រប់បណ្តាលស្រុកទូទាំងខេត្តសៀមរាប ។ ហើយក្រុមគ្រូពេទ្យ ក៏បានធ្វើការអប់រំសុខភាពដល់ប្រជាពលរដ្ឋ ឲ្យចេះថែទាំសុខភាព និងត្រូវហូបស្អាត រស់នៅស្អាត ដើម្បីលើកកម្ពស់សុខុមាលភាព និងជៀសវាងពីជំងឺដង្កាត់ផ្សេងៗ ពិសេសជួយកាត់បន្ថយនូវការចំណាយទៅលើសេវាព្យាបាលជំងឺ ផងដែរ ៕