(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ចើញជាគណៈអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន២២៦០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញដោយមានការចូលរូមពីសំណាក់លោក នុត ពុធដារ៉ា ប្រធានគណបក្សប្រជាជនខណ្ឌដង្កោ រួមទាំងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀតផងដែរ។
ថ្លែងនៅក្នុងឱកាសនោះដែរ លោក ឃួង ស្រេង បានលើកឡើងថា នៅក្នុងរបបប៉ុលពត មានតែការកាប់សម្លាប់ប្រជាជនឯង គ្រាន់តែ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រទេសកម្ពុជាបានធ្លាក់នៅក្រោមកំរិតសូន្យ ហើយនៅលើពិភពលោក កម្រមានប្រទេសណាដែលកាប់សម្លាប់ប្រជាជនឯង ដូចប្រទេសយើងនេះណាស់ នេះគឺដោយសារតែរបបរដ្ឋប្រហារនៅ ឆ្នាំ១៩៧០ ធ្វើឱ្យប្រទេសកម្ពុជាយើងធ្លាក់នៅក្នុងរណ្តៅនៃសង្គ្រាមឆាប់ឆេះនៅលើផ្ទៃប្រទេស នាពេលនោះហើយដែលសម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្ត លះបង់ភាពយុវវ័យរបស់ខ្លួន ដើម្បីធ្វើការតស៊ូ តាមការអំពាវនាវ សម្តេចព្រះបរមរតនកោដ្ឋ។
នៅឆ្នាំ១៩៧៥ មានជនឆ្លៀតឱកាសប៉ុលពត បានច្រៀតចូលកាន់អំណាច ហើយបង្វែរការអភិវឌ្ឍប្រទេស ទៅជាការកាប់សម្លាប់ប្រជាជនឯង ដូចនេះហើយទើបនៅឆ្នាំ១៩៧៧ សម្តេចបានសំរេចចិត្តភៀសខ្លួន ទៅកាន់ប្រទេសវៀតណាម ដើម្បីបង្កើតជារណស្សិរសាមគ្គីសង្គ្រោះជាតិ ទើបអាចរំដោះប្រទេស យើងបាននៅឆ្នាំ១៩៧៩ ដោយមានជំនួយពីវៀតណាមផងដែរ។
លោកបានលើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងខ្លាំងណាស់ ធ្វើយ៉ាងណារក្សាឱ្យបាននូវស្ថេរភាព និងសន្តិសុខសង្គម ធ្វើយ៉ាងណាដឹកនាំប្រទេសកុំឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមឡើងវិញ។ លោកបានឡើងទៀតថា នៅឆ្នាំ១៩៨៨ សម្តេចតេជោ ហ៊ុន សែន ដើម្បីស្វែងរកសន្តិភាពពេញលេញ បានដាក់ចេញ នូវគោលនយោបាយ បើកការចរចារជាមួយប្រទេសត្រីភាគីនៅភាគខាងលិច ដែលមិនទាន់មានប្រទេសណា អាចធ្វើបានដូចសម្តេចនោះទេ ក្នុងការស្វែងរកសន្តិភាព ដល់ប្រទេសជាតិ។
លោកក៏បានបន្ថែមទៀតថា ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ទើបប្រទេសជាតិយើងមានសុខសន្តិភាព មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយប្រជាពលរដ្ឋអាចរស់ នៅមានជីវភាពធូរធារដូចសព្វថ្ងៃ ហើយការរីកចម្រើនទាំងអស់នេះ គ្មានបាតដៃបក្សប្រឆាំងណាម្នាក់បានទៅសុំគេឱ្យមកវិនិយោគនោះទេមានតែការបំផ្លាញ។ មានតែសម្តេចតេជោ ហ៊ុន សែន ទេដែលលោកតែងតែឆ្លៀតពេលដើម្បីស្វែងជំនួយ និងស្វែងរកអ្នកវិនិយោគធំៗ ដើម្បីឱ្យគេមកវិនិយោគនៅស្រុកខ្មែរ ដើម្បីឱ្យប្រជាពលរដ្ឋមានការងារធ្វើ និងមានជីវភាពធូរធារដូចសព្វថ្ងៃ ដូចនេះហើយលោកសង្ឃឹមថា ប្រជាពលរដ្ឋម្នាក់ នឹងក្លាយជាសន្លឹកឆ្នោតមួយ បោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីបន្តគាំទ្របេក្ខភាពសម្តេច បន្តដឹកនាំប្រទេសឱ្យមានការរីកចំរើនបន្តបន្ទាប់ទៀត៕