(ភ្នំពេញ)៖ លោក អ៊ូ ពៅ អធិការរងខណ្ឌ៧មករា ទទួលផែនអន្តោប្រវេសន៍ បានចេញមុខបកស្រាយថា លោកមិនបានប្រើអំពើហិង្សាទៅលើអ្នកស្រី ឌី សារៀម អតីតចៅសង្កាត់ពន្សាំង និងប្តី ដូចការលើកឡើង និងចោទប្រកាន់នោះទេ ហើយរឿងនោះផ្តើមឡើងកំរៃជើងសារ (គក់ជេរដី) និងរឿងអ្នកស្រី ឌី សារៀម លួចថតរូបលោក ដោយគ្មានការអនុញ្ញាត ហើយដៃអ្នកស្រី ឌី សារៀម គឺបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍កាលពីកន្លងមក។
លោក អ៊ូ ពៅ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ លោក និងបងប្រុសម្នាក់ទៀត ឈ្មោះ យី សុខជា បានទៅសាកសួរឈ្មោះ សេត សីម និងប្រពន្ធឈ្មោះ ឌី សារៀម រឿងកំរៃជើងសារ ពីអ្នកស្រី ឌី សារៀម ព្រោះលោក និងបងប្រុសបាននាំគេទៅទិញដីគាត់ ប៉ុន្តែអ្នកស្រី ឌី សារៀម បដិសេធមិនព្រមឲ្យលោក ក៏បានទៅប្តឹងនៅសាលាសង្កាត់ពន្សាំង ឲ្យជួយដោះស្រាយ ខណៈពេលអាជ្ញាធរកំពុងវែកញែកដោះស្រាយ នៅសាលាសង្កាត់ អ្នកស្រី ឌី សារៀម បានយកទូរស័ព្ទថតរូបលោក។
ភ្លាមនោះលោកក្រឡេកឃើញក៏បានទាមទារឲ្យ អ្នកស្រី ឌី សារៀម លុបរូបនោះចេញវិញ តែគាត់មិនលុបដោយបោះសម្ដីថា នឹងយករូបថតនេះឲ្យកាសែត គេចុះផ្សាយ លឺដូច្នេះលោកក៏បានស្ទុះទៅចាប់ដៃ និងមានការប្រទាញប្រទងគ្នា ជាមួយអ្នកស្រី សារៀម ដើម្បីយកទូរស័ព្ទមកបើកមើល និងលុបរូបលោកចេញ ក្រោយពីលុបរួចលោកក៏បានឲ្យទូរស័ព្ទទៅគាត់វិញ។
លោក អ៊ូ ពៅ បន្តថា ក្រោយពីមានការសម្រេបសម្រួល ជាមួយអាជ្ញាធរ និងស្មៀនចប់សព្វគ្រប់លោកក៏ត្រឡប់មកផ្ទះវិញ ប៉ុន្ដែអ្នកស្រី ឌី សារៀម រាយការណ៍ទៅអ្នកកាសែតចោទថា លោកប្រើហិង្សាទៅលើអ្នកស្រីទៅវិញ។
ដូច្នេះហើយ ជុំវិញករណីអ្នកស្រី ឌី សារៀម ចោទលោកថា បានប្រើអំពើហិង្សានោះ លោកសូមធ្វើការបដិសេធចោលទាំងស្រុង តែលោកទទួលស្គាល់ថា លោកពិតជាបានប្រទាញប្រទងជាមួយអ្នកស្រី ឌី សារៀម យកទូរស័ព្ទមកលុបរូបពិតមែន ព្រោះអ្នកស្រីលួចថតរូបលោកមានបំណងមិនល្អ និងដោយគ្មានការអនុញ្ញាត។
សូមរំលឹកថា ការចេញមកបកស្រាយនេះ បន្ទាប់ពីលោកអធិការរងខណ្ឌ៧មករា ទទួលបន្ទុកអន្ដោប្រវេសន៍ រហ័សនាម០៦ បានរងបណ្តឹងថា បាននាំបក្ខពួកទៅវាយអតីតចៅសង្កាត់ពន្សាំង គឺលោកស្រី ឌី សារៀម និងប្តីលោកស្រី ដល់ក្នុងសាលាសង្កាត់ បណ្តាលឲ្យរងរបួស ព្រោះរឿងលុយកម្រៃជើងសារទិញលក់ដីធ្លី។
យោងតាមពាក្យរបស់លោក សេត សឹម ជាប្តី និងលោកស្រី ឌី សារៀម អតីតចៅសង្កាត់ពន្សាំង ជាប្រពន្ធបានប្តឹងឈ្មោះ លោក អ៊ូ ពៅ ភេទប្រុស អាយុប្រហែល ៤១ឆ្នាំ មុខរបរជាអធិការរងខណ្ឌ៧មករា ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ខណ្ឌព្រែកព្នៅ ដោយចោទប្រកាន់ឈ្មោះ អ៊ូ ពៅ ថាបានវាយពួកខ្លួនបណ្តាលឲ្យត្រូវក្បាល និងដងខ្លួនរងរបួសហើម ហើយចំពោះកម្រៃជើងសារនោះវិញ គឺអ្នកផ្សេង មិនមែនលោក អ៊ូ ពៅ និងឈ្មោះ យី សុខជានោះឡើយ ហើយម្យ៉ាងទៀតឈ្មោះទាំង២នាក់នេះ ក៏មិនស្ថិតនៅលើក្រដាសទិញលក់ដីផងដែរ៕