(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០១៨​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានកិត្តិយសសមាគមមូលនិធិ មនុស្សចាស់ ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត​បន្ទាយមានជ័យ​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា ក្នុងវត្តទឹកជុំបរមគង្គា​បន្ទាយនាង​ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ឃុំឃុំបន្ទាយនាង​ ស្រុកមង្គលបុរី​ ខេត្តបន្ទាយមានជ័យ​ ដែលមានអ្នកចូលរួមជិត៤០០០នាក់។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន​ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​, សម្តេចក្រឡាហោម​ ស​ ខេង​​ និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងថា ក្រោមយុទ្ធសាស្រ្តឈ្នះ​ឈ្នះ​ ឈរលើឧត្តមប្រយោជន៍ជាតិ​ និងប្រជាពលរដ្ឋជាធំ​របស់សម្តេចតេជោ ហ៊ុន​ សែន​ និងមានការចូលរួមពីបងប្អូន ប្រជាពលរដ្ឋ​ មន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធ និងក្មួយៗជាយុវជន​យុវនារី​ទាំងអស់ ប្រទេសជាតិមានសុខសន្តិភាព​ និងការអភិវឌ្ឍលើគ្រប់វិស័យ​ ជាក់ស្តែង សមិទ្ធិផលនានាក្នុងវត្តទឹកជុំបរមគង្គា​បន្ទាយនាង ​ដែលយើងបានជួបជុំគ្នាសម្ពោធនៅថ្ងៃនេះ​ ហើយវិស័យពុទ្ធចក្រ​ និងអាណាចក្រ​ទាំងពីរនេះ​ជួយគ្នាទៅវិញទៅមក​គឺផ្នែកអាណាចក្រទទួលផលប្រយោជន៍ពីពុទ្ធចក្រ តាមរយៈការជួយអប់រំប្រជាពលរដ្ឋឲ្យកសាងអំពើល្អ ដែលជាការរួមចំណែកធ្វើឲ្យមានសណ្តាប់ធ្នាប់​ និងសន្តិសុខសម្រាប់សហគមន៍មូលដ្ឋាន​ទន្ទឹមនឹងនេះ ទីអារាមក៏ជាជម្រករបស់មនុស្សចាស់​ សិស្ស​ និស្សិត បានទទួលការស្នាក់អាស្រ័យបន្តការសិក្សារៀនសូត្រ​ ដែរបច្ចុប្បន្នកម្ពុជាមានវត្តសរុប ៤,៩២៥វត្ត និងមានព្រះសង្ឃសរុប ៦៦,០៥៦ព្រះអង្គ។

ក្នុងឱកាសនោះដែរ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណដល់មហាគ្រួសារអ្នកបន្ទាយមានជ័យ ដែលបានចូលរួមថែរក្សា និងសូមបន្តថែរក្សានូវសន្តិភាពនេះឲ្យបានស្ថិតស្ថេរគង់វង្ស​ដើម្បីបន្តការអភិវឌ្ឍសហគមន៍មូលដ្ឋានយើង ឲ្យកាន់តែរុង​រឿង​សំបូរសប្បាយ និងជីវភាពកាន់តែធូរធា សូមបងប្អូនទៅបោះឆ្នោតជូនគណបក្សប្រជា​ជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី២០​ «ស្រួលចាំ​ ស្រួលគិត​ ស្រួលគូស» នៅថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០១៨ខាងមុខ​ ឲ្យបានគ្រប់គ្នា​។

ជាវប្បធម៌ចែករំលែក​ និងគិតគូរពីសុខទុក្ខ​ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកថវិកា​ បច្ច័យ​ និងអំណោយ​ប្រគេន​ ចែកជូនមាន​៖

ទី១៖ ប្រជាពលរដ្ឋចំនួន៣៤៥១នាក់​ ម្នាក់ៗ​ ទទួលបានសារ៉ុង១  
ទី២៖ មនុស្សចាស់ពីអាយុ៧០ឆ្នាំឡើង នៅឃុំបន្ទាយនាងចំនួន៤០០នាក់  ក្នុងម្នាក់ៗទទួលបាន៖ ថវិកា២ម៉ឺនរៀល​ សារ៉ុង១ កំសៀវដាំទឹកក្ដៅ​ មី ​ ពិល​ ទឹកដោះគោ​​ ប្រេងកូឡា​ ប្រេងខ្យល់​ ស្ករស អំបិលអ៊ីយ៉ូត​តែ កៅអៀក។ ល។
ទី៣៖ ​សាលាឃុំបន្ទាយនាង ថវិកា១លានរៀល  
ទី៤៖ មណ្ឌលសុខភាពឃុំបន្ទាយនាង ថវិកាចំនួន៥០ម៉ឺនរៀល
ទី៥៖ ភ្លេងពិណពាទ្យ​ ថវិកា៥០ម៉ឺនរៀល
ទី៦៖ ជួសជុលផ្លូវប្រវែង២៧០០ម៉ែត្រ ពីភូមិបន្ទាយនាង​ដល់ភូមិអូរធំ
ទី៧៖ ជួសជុលផ្លូវប្រវែង៤៦០០ម៉ែត្រ ពីភូមិទន្លាប់ដល់ភូមិដងរុនកើត
ទី៨៖ ជួសជុលផ្លូវប្រវែង២១០០ម៉ែត្រ ​ពីភូមិព្រៃចង្ហាលិចដល់ភូមិអូរអណ្តូងកណ្តាល
ទី៩៖ ជួសជុលផ្លូវប្រវែង៥០០ម៉ែត្រ​ នៅភូមិអូរអណ្តូងកណ្តាល
ទី១០៖ ជួសជុលផ្លូវប្រវែង៧០០ម៉ែត្រ​ នៅភូមិអូរអណ្តូងកើត
ទី១១៖ ជួសជុលផ្លូវប្រវែង៦៥០ម៉ែត្រ​ នៅភូមិពង្រ
ទី១២៖ ផ្តល់ផ្លូវប្រវែង៤០០ម៉ែត្រ​ ជូន
​សាលារៀនដងរុន
ទី១៣៖ ផ្តល់ផ្លូវបេតុង២០០ម៉ែត្រ​ ជូនសាលាអនុវិទ្យាល័យឃីឡិ
ទី១៤៖ ផ្តល់បណ្ណាល័យ១ខ្នង​ ៣បន្ទប់​ ជូនសាលាបឋមសិក្សាពង្រ
ទី១៥៖ ផ្តល់អគារសិក្សា១ខ្នង​៥បន្ទប់​ ជូនសាលាបឋមសិក្សាបន្ទាយនាង
ទី១៦៖ ជួសជុលផ្លូវប្រវែង១គីឡូម៉ែត្រ​ ក្នុងភូមិជំទាវ
ទី១៧៖ ប្រគេនបច្ច័យកសាងវត្ត​ទឹកជុំបរមគង្គាបន្ទាយនាងចំនួន៥០០០ដុល្លារ៕