(កំពង់ស្ពឺ)៖ ថ្លែងនៅមុខកម្មករ-កម្មការិនី ប្រមាណ១៨៥០នាក់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវឱ្យកម្មករ-កម្មការិនី និងប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តសុខសន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើនលើគ្រប់វិស័យ គឺបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា និងមិនត្រូវជឿលើការញុះញង់ពីសំណាក់ជនអគតិមួយចំនួនតូច ក្នុងន័យបំផ្លិចបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ដើម្បីមហិច្ឆតារបស់ក្រុមខ្លួន មិនគិតពីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។
លោក វ៉ី សំណាង បានថ្លែងបែបនេះ នៅក្នុងឱកាសលោកអញ្ជើញជួបសំណេះសំណាលកម្មករ-កម្មការិនី ចំនួន១៨៥០នាក់ មកពីឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ដែលប្រាព្ធធ្វើឡើងនៅមន្ទីរបក្សស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ ។
លោកអភិបាលខេត្ត បានបន្តថា សូមបងប្អូននាំគ្នាទៅបោះឆ្នោត កុំជឿលើពាក្យ (ដេកផ្ទះឈ្នះស្អាត) ឬយកថ្នាំសក់ជ្រលក់ដៃ ឱ្យសោះទង្វើនេះតាមច្បាប់ត្រូវមានទោស ដូច្នេះយើងជាពលរដ្ឋត្រូវតែទៅបោះឆ្នោតហើយបោះឆ្នោតដើម្បីសន្តិភាព និងការអភិវឌ្ឍន៏ រួមទាំងយើងមានការងារធ្វើដោយទទួលបានប្រាក់ខែសមរម្យ ធានាដល់ការចញ្ចឹមជីវភាពក្នុងការរស់នៅប្រចាំថ្ងៃ។
ក្នុងនាមអាជ្ញាធរខេត្តលោកអភិបាលចាត់តាំងក្រុមការងារ ឱ្យផ្តល់យោបល់ប្រឹក្សាទាក់ទងសកម្មភាពការងារតាមបណ្តារោងចក្រ សហគ្រាសនានា មិនឱ្យបងប្អូនមានការព្រួយបារម្មណ៍អំពីបញ្ហាសុខទុក្ខឡើយ៕