(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានដាក់ចេញនូវសារាចរណែនាំលេខ០០៨ សរណន ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការអនុវត្ត «កម្រៃសេវាបូកបន្ថែមលើការចំណាយរបស់អតិថិជន (Service Charge)» ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ ដើម្បីពង្រឹងគុណភាពសេវាកម្មជូនអតិថិជន តាមរយៈការផ្តល់ឱកាសដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបដិសណ្ឋារកិច្ចដល់បុគ្គលិក នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ និងដើម្បីចូលរួមគាំទ្រ ដល់ចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ច»។
សារាចរណែនាំរបស់ក្រសួងទេសចរណ៍នេះ គឺតម្រូវឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ដែលអនុវត្តកម្រៃសេវាបូកបន្ថែម(Service Charge) អនុលោមតាមលក្ខខណ្ឌចំនួន៤ ដូចខាងក្រោម៖
ទី១៖ អាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវមានអាជ្ញាបណ្ណទេសចរណ៍ដែលមានសុពលភាព
ទី២៖ អាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវមានវិញ្ញាបនបត្របញ្ជាក់កម្រិតគុណភាពសេវាកម្មទេសចរណ៍ ដែលចេញដោយក្រសួងទេសចរណ៍ ដូចជាចំណាត់ថ្នាក់សណ្ឋាគារនិងសេវាស្នាក់នៅទេសចរណ៍ ចំណាត់ថ្នាក់ភោជនីយដ្ឋាន និងអាហារដ្ឋាន និងចំណាត់ថ្នាក់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
ទី៣៖ អាជីវកម្មសេវាកម្មទេសចរណ៍ គួរចូលរួមប្រឡងប្រណាំងធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍
ទី៤៖ អាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវបានជាប់ជ័យលាភីនៃចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍» ។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា កម្រៃសេវាបូកបន្ថែមលើការចំណាយរបស់អតិថិជន (Service Charge) ដែលមាននៅលើវិក័យប័ត្រ (Bill/Receipt) គឺជាការកំណត់យកដោយមូលដ្ឋានអាជីវកម្មផ្ទាល់ ដែលមិនមែនជាការកំណត់យកដោយរដ្ឋ ឬក្រសួងទេសចរណ៍នោះទេ។
ក្រសួងទេសចរណ៍ បានអំពាវនាវឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ដែលអនុវត្តកម្រៃសេវាបូកបន្ថែម (Service Charge) ធ្វើការចូលរួមគាំទ្រចលនាប្រឡងប្រណាំងនានាដែលដាក់ចេញដោយក្រសួងទេសចរណ៍ ពិសេសចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍។ ប្រតិបត្តិករទេសចរណ៍ដែលមានចម្ងល់អាចសាកសួរព័ត៌មាន មកនាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ (លេខទូរស័ព្ទ ០៨៩ ៧៦ ៧៦ ៦៤)៕