(កំពង់ធំ)៖ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ កំពុងឈានជិតចូលមកដល់នាពេលខាងមុខ ពោលគឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ លោក ជា ចាន់តូ ប្រធានក្រុមការងារចុះជួយស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវដល់មន្ត្រីគ្រប់ថ្នាក់ ក្នុងស្រុកស្ទោង ទាំងអស់រួមសហសការគ្នា ការពារ និងទប់ស្គាត់ឲ្យបានរាល់ឧបាយកលទាំងឡាយណា ដែលរារាំង និងប៉ុនប៉ងបំផ្លាញដល់ កិច្ចដំណើរការបោះឆ្នោតឲ្យបានដាច់ខាត។
ការអំពាវនាវបែបនេះ របស់លោក ជា ចាន់តូ ធ្វើឡើងនៅក្នុងជំនួប ជាមួយសមាជិកបក្សបក្សប្រជាជនកម្ពុជា ក្នុងស្រុកស្ទោងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។
លោក ជា ចាន់តូ បានឲ្យដឹងថា ដើម្បីសម្រេចបាននូវគោដៅនេះ មន្ត្រីម្នាក់ៗ ត្រូវតាមដាន និងក្ដាប់ឲ្យបានរាល់សកម្មភាពនានា ដែលមានគោលដៅញុះញ៉ុងក្នុងនោះ រួមមានតាមបណ្ដាញសង្គម Fecbook ដែលឃោសនា ផ្សព្វផ្សាយបំផ្លាញដល់ដំណើរការបោះឆ្នោត។ ក្នុងនោះដែរមន្ដ្រីគ្រប់រូបគប្បីនៅឲ្យឆ្ងាយ និងកុំលង់លក់តាមផលប្រយោជន៍ បន្តិចបន្តួចធ្វើឲ្យប៉ះពាល់ដល់សង្គម និងភាពថ្លៃថ្នូររបស់គណបក្ស ដែលបានខិតខំកសាងយ៉ាងលំបាកលំប៉ិនកន្លងមក។
លោក ជា ចាន់តូ បានបញ្ជាក់ទៀតថា ដល់ពលរដ្ឋគ្រប់រូបទៅចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ដសម្រាប់នីតិកាលទី៦នេះ ឲ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្នាអំពើលហិង្សា ស្រប់ទៅតាមច្បាប់ និងបទបញ្ញាតិការបោះឆ្នោត៕