(កោះកុង)៖ តុលាការខេត្តកោះកុង សម្រេចរុះរើខ្ទមស្បូវលំហែកាយចំនួន០៥ ចេញពីដីកម្មសិទ្ធិរបស់លោក មីន ហ៊ាន និង បានបំពានលើចំណីមាត់ឆ្នេរសមុទ្ររបស់រដ្ឋផងដែរ ។
គណៈកម្មការចម្រុះដឹកនាំដោយ លោក អ៊ង រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុងថ្មីៗនេះ សម្រេចរុះរើខ្ទមស្បូវទាំងនេះ ពីកូនបំណុលឈ្មោះ ប៉ុក ចាន់ និង ឈ្មោះ អ៊ុង កែត នៅចំណុចភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។
ការអនុវត្តដីកាសម្រេចរក្សាការពារនេះ គឺ ពុំមានភាគីណាជំទាស់ឡើយ តែតុលាការបើកឱ្យប្តឹងតវ៉ាតាមកំណត់ច្បាប់ ប្រសិនបើមិនសុខចិត្តការសម្រេចនេះ ។
ប៉ុន្ដែក្រោយការអនុវត្តនេះ ភាគីកូនបំណុលបែរជាបានបង្ហោះហ្វេសប៊ុក រិះគន់តុលាការនិងម្ចាស់បំណុលទៅវិញ ។ ចំណុចនេះ លោក មីន ហ៊ាន ជាម្ចាស់បំណុល បញ្ជាក់ថា នេះជាការសម្រេចរបស់តុលាការ តែរឿងនេះពុំទាន់បញ្ចប់ទេ គ្រាន់តែជារឿងមុនអង្គសេចក្តីប៉ុណ្ណោះ ពោលគឺភាគីកូនបំណុលអាចប្តឹងទៅតុលាការបន្តទៀតបាន ។
លោកមីន ហ៊ាន អះអាងថា ការប្រឆាំងឬប្រមាថស្ថាប័នតុលាការ គឺ អាចប្រឈមនឹងផ្លូវច្បាប់ ហើយការប្រមាថបុគ្គល គឺ អាចប្រឈមបទល្មើសបរិហារកេរ្តិ៍ផងដែរ ៕