Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការកងពលតូចលេខ៧០ ទទួលជួបសម្ដែងការគួរសមជាមួយ រដ្ឋមន្រ្តីការពារជាតិចិន

18-06-2018 10:30

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានទទួលជួបសម្ដែងការគួរសម នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីក្រសួង ការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន។

សូមជម្រាបថា នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៥ថ្ងៃ​ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការចុះហត្ថលេខា កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-ចិន ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ វៃ ហ្វេនហេ នៅអគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្ដ្រីផងដែរ។

អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា នាយឧត្តមសេនីយ៍ វៃ ហ្វេហេ (WEI FENGHE) នឹងដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្រាប់កម្មវិធីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ វៃ ហ្វេនហេ នឹងអញ្ជើញជាអធិបតីរួមគ្នា ក្នុងពិធីបើកសម្ពោធពិព័រណ៍យោធារួមគ្នាកម្ពុជា-ចិន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ៕