(ប៉ោយប៉ែត, បន្ទាយមានជ័យ)៖ ប្រាសាទកំពូលបីនៅលើខ្លោងទ្វារអន្តរជាតិប៉ោយប៉ែត ដែលសាងសង់ឡើងតាំងពីឆ្នាំ១៩៨០មកនោះ ត្រូវបានរុះរើចេញនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះហើយ ដើម្បីយកទីតាំងសាងសង់ខ្លោងទ្វារអន្តរជាតិថ្មី។
ពិធីរុះរើប្រសាទកំពូល៣ដែលមានរចនាបទដូចនឹងប្រាសាទអង្គរនោះ ត្រូវបានធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងអាជ្ញាធរក្រុងប៉ោយប៉ែតដទៃទៀត។ ពិធីរុះរើនេះ ក៏មានអុជធូបបន់ស្រន់សូម្ចាស់ទឹកម្ចាស់ដីផងដែរ។
សូមរំលឹកថា ការសម្រេចរុះរើខ្លោងទ្វារអន្តរជាតិប៉ោយប៉ែតនាពេលបច្ចុប្បន្ននេះ គឺដើម្បីយកទីតាំងសាងសង់ខ្លោងទ្វារថ្មី រួមជាមួយអគារទីស្នាក់ការបម្រើការងាររបស់មន្រ្តីច្រកទ្វារ និងបំពេញបែបបទឆ្លងកាត់ព្រំដែនជូនភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ ដែលមានសភាពធំទូលាយ និងល្អប្រណិតជាងពេលបច្ចុប្បន្ននេះ។
ទាំងប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត និងអ្នកឆ្លងកាត់ផង សុទ្ធតែបង្ហាញអារម្មណ៍សោកស្តាយចំពោះប្រសាទកំពូល៣ ដែលពួកគេបានឃើញជារៀងរាល់ថ្ងៃនោះ ដោយមិនចង់ឲ្យមានការយកទៅណាឆ្ងាយ ឬវាយបំផ្លាញចោលនោះឡើយ។ ដោយមើលឃើញប្រជាពលរដ្ឋចម្រើនហាក់មានអនុស្សាវរីយ៍នឹករលឹក និងសោកស្តាយប្រាសាទកំពូល៣នេះ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតថ្មីកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនោះ ក៏បានសម្រេចសាងសង់រង្វង់មូលក្រុងប៉ោយប៉ែតដ៏ធំមួយ ដែលរំលេចនូវអត្តសញ្ញាណរបស់ខ្មែរ ហើយបានយកប្រសាទកំពូល៣នេះទៅដាក់ពីលើនោះផងដែរ។
រង្វង់មូលដែលយកប្រាសាទកំពូល៣ទៅដាក់ពីលើនេះ គ្រោងនឹងចំណាយថវិកាសម្រាប់សាងសង់ប្រមាណ ៥០ម៉ឺនដុល្លារអាមេរិក។
បើតាមលោកអភិបាលក្រុងប៉ោយប៉ែត ការរំកិលប្រសាទកំពូល៣ពីមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកកាន់កន្លែងរង្វង់មូលនឹងត្រូវរុំក្រណាត់បិទជិត ហើយមានពិធីដង្ហែផងដែរ។ ការរុំក្រណាត់បិទជិតនេះ ដោយសារតែប្រសាទកំពូល៣ ដែលជឿថាមានបារមីវត្ថុស័ក្តិសិទ្ធិនោះ ត្រូវរំកិលក្រោមជណ្តើរឆ្លងកាត់កាស៊ីណូ ដែលធ្វើកាត់នៅលើផ្លូវមាត់ច្រកព្រំដែននោះ៕
រូបប្លង់រង្វង់មូលក្រុងប៉ោយប៉ែត ដែលនឹងយកប្រាសាទកំពូល៣ដាក់ពីលើ
រូបប្លង់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្មី ដែលកំពុងដំណើរការសាងសង់