(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨២យាងចូល៨៣ព្រះវស្សា។
ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងព្រះរាជពិធីចម្រើនព្រះជន្មវឌ្ឍនមង្គលដ៏មហានក្ខត្តឬក្សឧត្តុង្គឧត្តមនេះដែរ ទូលព្រះបង្គំជាកូន និងភរិយា សូមព្រះបរមរាជវរោកាសសម្តែងថ្លែងថ្វាយ ជាឱឡារិកនូវកតញ្ញូកតវេទិតាធម៌ ដ៏ជ្រាលជ្រៅជាអតិបរមាថ្វាយហ្លួងម៉ែ ជាទីគោរពសក្ការៈ ដែលជានិច្ចកាលសម្តេចទ្រង់បំពេញ ព្រះរាជបូជនិយកម្មសន្សំបុណ្យកុសល តម្គល់ប្រាថ្នា ប្រោសព្រះរាជទានដល់ជនរួមជាតិ របស់ព្រះអង្គ ប្រកបដោយព្រះរាជហឬទ័យជ្រះថ្លាជាអនេកប្បការ»។
សារលិខិតរបស់សម្តេចតេជោបានបញ្ជាក់ទៀតថា «ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមអធិដ្ឋានបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះបារមីនៃអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះបារមី ព្រះករុណា ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សា ឆ្នាំច សំរឹទ្ធស័ក ព្រះនាម មហោទរាទេវី សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ និងសូមព្រះអង្គទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លា ទាំងបួនប្រការគឹ អាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្តកម្ពុជា ទូទាំងប្រទេស ជាដរាបតរៀងទៅ»៕