(ភ្នំពេញ)៖ បើតាមលោក ញ៉ែប ប៊ុនជិន អ្នកនាំពាក្យ គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះឱ្យដឹងថា សពអ្នកម្នាង អ៊ុក ផល្លា នឹងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តបុទុមវត្តី រាជធានីភ្នំពេញ។
លោក ញ៉ែប ប៊ុនជិន បានបន្តបញ្ជាក់ថា ខណៈពេលនេះសពអ្នកម្នាង អ៊ុក ផល្លា កំពុងតែតម្កល់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ គណៈកម្មការបុណ្យសពបានពិភាក្សាគ្នា និងសម្រេច តម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តបុទុមវត្តី។
សូមបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព នៅវេលាម៉ោងជាង១២ រសៀលថ្ងៃទី១៧ ខែមិថុនានេះ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីព្រឹកមិញនៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ ចំណុចគីឡូម៉ែត្រលេខ២០០-២០១ ខណៈដែលព្រះអង្គកំពុងយាងទៅជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ៕