(ភ្នំពេញ)៖ អ្នកម្នាង អ៊ុក ផល្លា ជាអតីតតំណាងអប្សរារបស់ប្រទេសកម្ពុជា ដែលបានទទួលមរណភាពកាលពីវេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ តែប៉ុន្មានម៉ោង ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តព្រះសីហនុ ដោយសារតែរងរបួសធ្ងន់ធ្ងរពេក រីឯសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជាព្រះស្វាមី បានទទួលរងរបួសធ្ងន់ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ មកបន្តសង្គ្រោះនៅរាជធានីភ្នំពេញ។
អ្នកម្នាង អ៊ុក ផល្លា បានចូលហាត់រៀនរបាំបុរាណនៅសាលាភូមិន្ទវិចិត្រសិល្បៈ ពេលមានវ័យ៩ឆ្នាំ ហើយបានចេញសម្តែងលើកដំបូងជាសាធារណៈពេលចម្រើនវ័យបាន១៣ឆ្នាំ។ អ្នកម្នាងបានបែកបាក់ពីអតីតស្វាមីមុននឹងរួមរស់ជាមួយនឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ អ្នកម្នាងមានបុត្រ២ ព្រះអង្គជាមួយសម្តេចក្រុមព្រះ គឺនរោត្តម រណវង្ស និង នរោត្តម សុធាឫទ្ធិ។
អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពនៅអាយុ៣៩ឆ្នាំ «កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៧៩» ហើយអ្នកម្នាងក៏បានឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធលំដាប់លេខរៀងទី១ នៃគណបក្សហ្វ៊ុនស៊ិនប៉ិច សម្រាប់មណ្ឌលព្រៃវែង។
អ្នកម្នាង គឺជាអតីតអ្នករបាំអប្សរា ប្រចាំប្រទេស នាអំឡុងឆ្នាំ៩០។ រីឯគ្រោះថ្នាក់ចរាចរណ៍ ដែលបានឆក់យកជីវិតរបស់អ្នកម្នាង គឺកើតឡើងនៅលើផ្លូវជាតិលេខ៤ ក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រង់គីឡូម៉ែត្រលេខ ២០០-២០១ កាលនៅព្រឹកថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៨នេះ ដែលបានបណ្ដាលឱ្យមនុស្សធ្វើដំណើរក្នុងរថយន្ត៧នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល៕