(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានដាស់តឿនឲ្យកម្លាំងអាវុធហត្ថរបស់លោក ត្រូវបន្តប្រឹងប្រែងការពារសន្តិសុខ ពង្រឹងការស្រាវជ្រាវបទល្មើស ធនធានធម្មជាតិ បញ្ហាគ្រឿងញៀន និងបញ្ហាជនទំនើងតាមមូលដ្ឋាន ដែលបង្ករអសន្តិសុខដល់ពលរដ្ឋ។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយផែនការសន្តិសុខ សុវត្តិភាព ជូនប្រតិភូជាន់ខ្ពស់ សមាជិកក្រុមប្រឹក្សារដ្ឋ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណៈរដ្ឋប្រជាមានិតចិន និងពិនិត្យលើសេចក្តីពង្រាង របាយការណ៏ ត្រួតពិនិត្យ ការអនុវត្តតួរនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅ ឆមាសទី២ ឆ្នាំ២០១៨។
លោកឧមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា ត្រូវពង្រឹងយន្តការស្រាវជ្រាវឈានទៅបង្ក្រាបគ្រប់ការជួញដូរខុសច្បាប់ ធនធានធម្មជាតិ បន្តទប់ស្កាត់ និងបង្ក្រាបឲ្យបានខ្លាំងក្លាបំផុត ហើយត្រូវត្រៀមបង្ការ បង្ក្រាប ចំពោះជនឱកាសនិយម ដែលតែងតែបង្ករអសន្តិសុខ ក្នុងមូលដ្ឋានដែលប៉ះពាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសគឺធ្វើឲ្យបាត់បង់ព្រទ្យសម្បត្តិមានតម្លៃរបស់ពលរដ្ឋថែមទៀត។
លោកមេបញ្ជាការ បានបន្តថា ត្រូវត្រៀមជាប្រចាំនៅសម្ភារៈ គ្រឿងបរិក្ខា ឧបករណ៌សម្រាប់ជួយអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងពេលមានគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ឲ្យមានប្រសិទ្ធភាព។
ជាពិសេស ត្រូវត្រៀមកម្លាំងឲ្យបានគ្រប់គ្រាន់ និងរឹងមាំបំផុតដើម្បីធានាដល់ ការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ និងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខឲ្យទទួលបានសន្តិសុខ ប្រព្រឹត្តទៅប្រកបដោយ សេរីភាព យុត្តិធម៍ ត្រឹមត្រូវផងដែរ៕