(កំពង់ចាម)៖ ដោយមើលឃើញ និងយល់យ៉ាងច្បាស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការមនុស្សធម៌ផងនោះ លោក លី សាម៉េត សមាជិកគណបក្សប្រជាជនកម្ពុជា រួមជាមួយលោកឧកញ៉ា ឌី ប៉ូ បាននាំយកនូវអំណោយជាថវិកា សម្ភារ និងអាវ មួកគណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្រីក្រជិត១,០០០គ្រួសារ នៅក្នុងឃុំអំពិល ស្រុកកំពង់សៀម។
ថ្លែងនៅក្នុងវេទិកានាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម លោកឧកញ៉ា ឌី ប៉ូ បានរំលឹកឡើងវិញអំពី របប៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលប្រជាជនរស់នៅក្នុងរបបគុកឥតជញ្ជាំង ដែលពួកវាបានកាប់សម្លាប់ប្រជាជនស្លូតត្រង់ អស់ជាង៣លាននាក់ ដោយមិនរើសមុខ បង្អត់បាយ ធ្វើទារុណកម្មយ៉ាងឃោរឃៅសាហាវព្រៃផ្សៃ។ ប៉ុន្តែដោយសារតែមានគុណដ៏ធំធេង របស់គណបក្សប្រជាជនកម្ពុជា និងមានសម្តេចតេជោ ហ៊ុន សែន បានរំដោះប្រជាជន ចេញពីរបបដ៏ខ្មៅងងឹត នៅថ្ងៃ៧ មករា ១៩៧៩ ហើយខំកសាងប្រទេសតាំងពីបាតដៃទទេ រហូតអភិវឌ្ឍន៍មានអ្វីៗ គ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ។
លោកឧកញ៉ា ស្នើសុំប្រជាពលរដ្ឋកុំបំភ្លេចថ្ងៃកំណើតទី២ របស់ខ្លួនគឺថ្ងៃ៧មករានេះហើយ ដែលចារជាប្រវត្តិសាស្ត្រ ហើយលោកក៏បានអំពាវនាវផងដែរ សូមប្រជាជនទាំងអស់ទៅបោះឆ្នោត នានៅថ្ងៃទី២៩ កក្កដាខាងមុខនេះ ដើម្បីគាំទ្រសម្តេចតេជា ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៦នេះ និងអាណត្តិក្រោយៗបន្តបន្ទាប់ទៀត។
ជាមួយគ្នានេះ លោក លី សាម៉េត ក៏បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យមន្ត្រីនៅក្រោមឱវាទ ត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ គ្រប់ថ្នាក់មូលដ្ឋាននៅទូទាំងប្រទេស។ កត្តាដ៏សំខាន់នេះហើយ ទើបលោកបានប្រកាសបង្កើតទីប្រឹក្សាមួយ នៅឃុំអំពិល ដើម្បីជួយធ្វើអន្តរាគមន៍ ដល់ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក មានទុក្ខធុរៈ ដូចជាស្ត្រីឆ្លងទន្លេ និងប្រជាពលរដ្ឋមានជំងឺខ្វះខាតថវិកាទៅមន្ទីរពេទ្យ លោកនឹងជួយជាបន្ទាន់តាមរយៈទីប្រឹក្សាដែលនៅទីនេះស្រាប់។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅឃុំអំពិល ជាពិសេសប្រជាពលរដ្ឋនៅទូទាំងប្រទេស បំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលបានជួយរំដោះប្រជាពលរដ្ឋចេញ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ពិសេសមេដឹកនាំដែលដឹងសុខទុក្ខប្រជាពលរដ្ឋ រក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសមានការរីកចម្រើនឥតឈប់ឈរ។ លោកថ្លែងយ៉ាងច្បាស់ថា មានតេជោ សែន ប្រទេសកម្ពុជា មានសុខសន្តិភាព និងបន្តអភិវឌ្ឍន៍ឥតឈប់ឈរទូទាំងប្រទេស។
លោក លី សាម៉េត ថ្លែងបន្តថា នេះជាលើកទី៣ហើយ ដែលលោកបានមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំអំពិល ហើយលោកសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋដ៏ល្អ គោរពច្បាប់ គោរពព្រះពុទ្ធសាសនា គឺដោយសារប្រទេសមានសុខសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនជាន់ខ្ពស់ និងឥស្សរជនដទៃទៀត បានរំដោះប្រជាពលរដ្ឋចេញពីរបបវាលពិឃាត។
លោក រ័ត្ន គឹមហៃ មេឃុំអំពិល បានឱ្យដឹងថា ឃុំអំពិល ជាឃុំមួយក្នុងចំណោមឃុំទាំង១៥ស្ថិត ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឃុំអំពិល មាន១២ភូមិ មានប្រជាពលរដ្ឋចំនួន៤,២៧១គ្រួសារ និងមានប្រជាពលរដ្ឋចំនួនជាង១៨០០នាក់។
ប្រជាពលរដ្ឋនៅឃុំនេះ ភាគច្រើនមានមុខរបរធ្វើកសិកម្ម ធ្វើស្រែចម្ការ និង អាជីវកម្មលក់ដូរ ហើយលោកបានសន្យាថា នឹងទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នាថ្ងៃទី២៩ កក្កដាខាងមុខនេះ ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសជាតិបន្តទៀត ពីព្រោះមានសម្តេចប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ៕