(ស្វាយរៀង)៖ ទោះបីបច្ចុប្បន្ននេះ វិទ្យាសាស្ត្រមានរីកចម្រើនយ៉ាងខ្លាំងក៏ដោយ ក៏ឃើញប្រជាពលរដ្ឋនៅក្នុងភូមិទទារ សង្កាត់ចេក ក្រុងស្វាយរៀង ជាង៤០០នាក់ បាននាំគ្នាសស្រាក់សស្រាំ ធ្វើពិធីបុណ្យឡើងអ្នកតា នៅទួលត្រពាំងព្រៃខ្លា ដែលជាទំនៀមទំលាប់ប្រពៃណី ពីបុរាណបានបន្សល់ទុក ឱ្យដើម្បីរំលឹកដល់អ្នកតាដែលមានបារមី និងបន់ស្រន់សូមឱ្យអ្នកភូមិមានសេចក្ដីសុខសប្បាយគ្រប់ៗ គ្នាផងដែរ។
ជាក់ស្ដែង នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ លោកស្រី សុខ ម៉ាយ៉េតកែវសុផល, លោកស្រី តុប សារ៉ន និងក្រុមគ្រួសារព្រមទាំងអ្នកភូមិទទារ ប្រមាណជាង៤០០នាក់ បាននាំគ្នាធ្វើពិធីបុណ្យឡើងអ្នកតាក្នុងទួលត្រពាំងព្រៃខ្លា ដែលជាទីកន្លែងមានបារមីគោរពបូជា របស់ពុទ្ធបរិស័ទ និងអ្នកភូមិបន់ស្រន់សុំសេចក្ដីសុខចម្រើន។
បើតាមលោកតា សូរ កាយ អាយុ៨៧ឆ្នាំ ដែលមានទីលំនៅក្នុងភូមិទទារ សង្កាត់ចេក ក្រុងស្វាយរៀង បានរៀបរាប់ពីប្រវត្តិសង្ខេប របស់ទួលត្រពាំងព្រៃខ្លា ប្រាប់ដល់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀងថាកាលពីដើមឡើងទីទួលនេះ សំបូរដោយព្រៃគុម្ភឡើងក្រាស់ក្រែល និងមានសត្វជាច្រើនព្រមទាំងមានសត្វខ្លា១គូរ នៅជាប្រចាំខណៈដែលអ្នកភូមិជាច្រើននាក់ នាំគ្នាអុចធូបដើម្បីសុំខ្ចីចានឆ្នាំងផងដែរ។
លោកតា សូរ កាយ បានបន្តថា មិនតែប៉ុណ្ណោះនៅទួលនេះ គឺមានស្រះត្រពាំងទឹកមានពណ៌ខ្មៅជុំវិញព្រមទាំងមានត្រីធំៗ ដោយនៅពេលយប់ អ្នកភូមិមិនហ៊ានមកព្រៃនេះទេ ព្រោះកណ្ដាលអធ្រាតគេឃើញមានភ្លើងទេវតាយ៉ាងធំហោះហើរនៅលើទួលនេះ។ ចំណែកឯចោរដែលបានលួចក្របី អ្នកស្រុកដើរកាត់មកទីទួលនេះ គឺវង្វេងផ្លូវហើយដោយរកផ្លូវចេញមិនឃើញដោយម្នាក់ៗ ភ័យរត់យកព្រះអាយុរៀងៗខ្លួន ព្រោះសំបូរព្រៃក្រាស់ដូចនេះ ហើយទើបអ្នកភូមិមានជំនឿជារៀងរាល់ឆ្នាំតែងតែនាំគ្នា ធ្វើពិធីឡើងអ្នកតាសុំសេចក្ដីសុខរហូតដល់បច្ចុប្បន្ននេះ ផងដែរ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅទួលត្រពាំងព្រៃខ្លានេះអ្នកភូមិរួមជាមួយអាជ្ញាធរមូលដ្ឋាន តែងតែរៀបចំធ្វើពិធីបុណ្យឡើងអ្នកតានេះ មិនដែលខានឡើយព្រោះពួកគាត់ជឿលើអបិយ៍ជំនឿ និងការបន់ស្រន់សុំសេចក្តីសុខសប្បាយគ្រប់ៗគ្នា ដោយនៅឆ្នាំនេះ គឺធ្វើពិធីធំជាងឆ្នាំមុន ដោយមានភ្លេងលេងដល់អ្នកភូមិប្រុសស្រីរាំលេង សប្បាយដល់យប់ជ្រៅផងដែរ៕