(ភ្នំពេញ)៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលពីសំណាក់ប្រជាពលរដ្ឋថា មានព្រះផុស ស្ថិតនៅក្នុងបរិវេណកំពង់ផែស្ងួត ក្រុមទី៣ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ អាជ្ញាធរខណ្ឌឬស្សីកែវ បានចេញមកអះអាងប្រាប់មជ្ឈដ្ឋាននានាឱ្យជ្រាបថា វាគ្រាន់តែជា រូបសំណាកធ្វើពីស៊ីម៉ង់តិ៍ធម្មតាៗ ក្នុងពេលបច្ចុប្បន្ននេះតែប៉ុណ្ណោះ ដែលគេវាយចោលពីភោជនីយដ្ឋាន TITANIC ហើយយកមកបោះចោលនៅម្តុំនេះតែប៉ុណ្ណោះ មិនមែនជារូបសំណាកបុរាណនោះទេ សូមកុំមានការយល់ច្រឡំឱ្យសោះ។
បើតាមរបាយការណ៍ របស់អាជ្ញាធរខណ្ឌឫស្សីកែវ បានបង្ហាញថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោក ជា ពិសី អភិបាលខណ្ឌ នៅព្រឹកមិញនេះ លោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យខណ្ឌ និងមន្ត្រីពាក់ព័ន្ធសង្កាត់-ភូមិ ចុះពិនិត្យករណីផ្អើលថាព្រះផុសភ្លាមៗ ដែលប្រជាពលរដ្ឋថា ជាអភិនីហារព្រះទ្រង់សម្តែងឡើងនោះ មិនមែនជាការពិតនោះទេ ការពិតគឺជារូបសំណាកធ្វើពីស៊ីម៉ង់តិ៍ធម្មតាៗ ក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះ មិនមែនជាប្រភេទថ្មបុរាណអ្វីឡើយ ជាពិសេសរូបសំណាកចាស់ៗ ទាំងនេះ គឺគេវាយចោលពីភោជនីដ្ឋាន TITANIC ហើយយកមកបោះចោលនៅទីនេះប៉ុណ្ណោះ មិនមែនជារូបសំណាកបុរាណនោះទេ សូមកុំមានការយល់ច្រឡំ ថាមានព្រះផុសឱ្យសោះ៕