(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តស្វាយរៀង បានអំពាវនាវដល់ សមាជិកសមាជិកាគណបក្សប្រជាជនទាំងអស់ ត្រូវត្រៀមខ្លួនទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្របេក្ខភាពរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី នៅអាណត្តិទី៦ និងអាណត្តិជាបន្តបន្ទាប់ទៀត។
ការអំពាវនាវបែបនេះ របស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ខណៈដែលលោកស្រី ញ្ជើញជាអធិបតីក្នុងពិធិបិទកិច្ច ប្រជុំបូកសរុបការងារ អនុវត្តភារកិច្ច ក្រុមការងារគណៈកម្មាធិការ កណ្ដាលចុះជួយខេត្តស្វាយរៀង ដំណាក់កាលទី៦ លើកទី១៥-១៦-១៧ និងទិសដៅភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តដំណាក់កាលទី៦ លើកទី១៨ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ដែលមានសមាជិកបក្សចូលរួមជិត១០០០នាក់។
លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលក្រុមការងារគ្រប់ផ្នែក រួមជាមួយថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន ដែលបានយកចិត្តទុកដាក់សហការបំពេញភារកិច្ច សម្រេចបានជោគជ័យជាបន្ដបន្ទាប់ជាពិសេសលទ្ធផល នៃការរក្សាសន្ដិសុខ ស្ថេរភាពនយោបាយ មុនពេល និងក្រោយពេលគណបក្សសង្គ្រោះជាតិត្រូវរំលាយ និងលទ្ធផល នៃការចាត់តាំងអនុវត្តផែនការរួមឆ្ពោះទៅការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ និងលទ្ធផល នៃការចាត់តាំងអនុវត្តសេចក្ដីសម្រេចស្ដីពី ផែនការរួមឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨។
លោកស្រីបានបន្តទៀតថា ក្នុងនាមជាសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ត្រូវត្រៀមខ្លួនគ្រប់បែបយ៉ាង និងពង្រឹងនូវសមត្ថភាពរបស់ សមាជិកប្ស និងត្រៀមខ្លួនសម្រាប់ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕