(រតនគិរី)៖ មេឈ្មួញឈើវៀតណាមម្នាក់ឈ្មោះ ផាម ថេគឿង ភេទប្រុស អាយុ៤១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C០០៣១១៦២ មានស្រុកកំណើតនៅខេត្តហាយផុង ប្រទេសវៀតណាម ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ ខណៈរូបគាត់កំពុងឈរត្រួតពិនិត្យឈើ នៅក្នុងចំការស្វាយចន្ទីមាត់ទន្លេសេសាន្ត ក្នុងភូមិប៉ុងលើ ឃុំប៉ុង ស្រុកវ៉ើនសៃ ខេត្តរតនគិរី។

នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ ឈ្មួញឈើម្នាក់នេះ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ប៉ុន្តែបានឲ្យត្រឡប់ទៅវិញ ក្រោយបញ្ចប់ការសួរនាំ។

មន្រ្តីសាលាដំបូងខេត្តរតនគិរី បានឲ្យដឹងថា ក្រោយឃាត់ខ្លួន ឈ្មួញឈើរូបនេះ បាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីសួរចម្លើយ និងបន្តតាមនីតិវិធី។

លុះរហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ មេឈ្មួញឈើវៀតណាមម្នាក់នេះ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ នាំមកសាលាដំបូងខេត្តរនគិរី ដើម្បីផ្តន្ទាទោសតាមច្បាប់។ ប៉ុន្តែនៅវេលាម៉ោងប្រមាណ១១ថ្ងៃដដែល ត្រូវបាននគរបាលម្នាក់ ដឹកចេញពីបរិវេណតុលាការ តាមមធ្យោបាយរថយន្តហាយឡិនឌ័រ១គ្រឿង។

លោក កែវ ពិសុទ្ធ ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា ជនជាតិវៀតណាមរូបនេះ គ្មានបន្ទុកភស្តុតាងជាក់ស្តែង, សាក្សី និងមធ្យោបាយដើម្បីចង្អុលបង្ហាញថា ជនត្រូងចោទជាម្ចាស់ឈើនោះទេ។ លោកបានបញ្ជាក់ថា ការឃាត់ខ្លួនធ្វើឡើងនៅកណ្តាលផ្លូវ មានតែម៉ូតូ ទូរស័ព្ទ ពោល គឺគ្មានរថយន្ត ឃ្លាំង ឫសាក្សីចង្អុលបង្ហាញឡើយ ៕