(ភ្នំពេញ)៖ លោក ប៊ុន សំបូរ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺការពារដាច់ខាត នូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃប្រទេសកម្ពុជា និងប្រឆាំងដាច់ខាតនូវរាល់ ការចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយការធ្វើបដិវត្តន៍ពណ៌ និងតាមរយៈខ្សែញ៉ាក់របស់បរទេស។

ការលើកឡើងបែបនេះរបស់លោក ប៊ុន សំបូរ ធ្វើឡើងនាឱកាសដែលលោកអញ្ជើញ ចូលរួមសំណេះសំណាល ក្នុងពីធីចែករង្វាន់សិស្សពូកែ នៅក្នុងអនុវិទ្យាល័យបឹងធំ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ។

លោក ប៊ុន សំបូរ ថ្លែងឲ្យដឹងថា «យើងប្រឆាំងដាច់ខាត រាល់ការចង់ផ្តួលរំលំ រាជរដ្ឋាភិបាលស្រប់ច្បាប់ សូមបងប្អូនជនរួមជាតិទាំងអស់គ្នា ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានគណបក្ស ប្រជាជនដឹកនាំ ដើម្បីបន្ដឆ្ពោះទៅរកសុខសន្តិភាព វឌ្ឍនភាព និងភាពសុខសាន្ត នៃប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ដូច្នេះសូមបងប្អូន អញ្ជើញទៅចូលរួមបោះឆ្នោះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់គ្នា ជាពិសេសបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០នៅក្នុងសន្លឹកឆ្នោត»

ក្នុងថ្ងៃនោះដែរ លោករដ្ឋលេខាធិការ បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចក្រឡាហោម ស ខេង ដែលជាប្រមុខដឹកនាំ គណបក្សប្រជាជនកម្ពុជា ដល់បងប្អូនទាំងអស់ ក៏ដូចជាជម្រាបជូនពីស្ថានការណ៍ទូទៅ នៃនយោបាយប្រទេសជាតិ ដែលកំពុងមានស្ថេរភាព និងការអភិវឌ្ឍ។

ដោយឡែក ពាក់ពន្ធ័នឹងវិស័យអប់រំវិញ លោករដ្ឋលេខាធិការ ឲ្យដឹងដែរថា ការអភិវឌ្ឍន៍ចាប់ផ្តើម និងបញ្ចប់ជាមួយនឹងមនុស្ស មានការអប់រំល្អ ទើបមានធនធាន មនុស្សល្អ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ហើយការអប់រំត្រូវតែប្រកប ដោយគុណភាព ជាពិសេសការរៀនសូត្រ មិនមែនកំណត់ត្រឹមតែនៅសាលារៀន ឬមហាវិទ្យាល័យនោះទេ សូម្បីតែកសិករក៏ត្រូវសិក្សាស្រាវជ្រាវរៀនសូត្រដែរ ទើបការប្រកបរបរកសិកម្ម ទទួលបានផលល្អ ដូច្នេះសូមក្មួយៗ លោកគ្រូអ្នកគ្រូ បងប្អូនទាំងអស់ត្រូវ ខិតខំរៀនសូត្រគ្រប់ពេល និងកាលៈទេសៈ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន
ដែលបង្កគ្រោះថ្នាក់ ដល់សុខភាព សន្តិសុខ និងអនាគតរបស់បងប្អូន និងសង្គមជាតិទាំងមូល៕