(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែមឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានការរៀបចំពិធីសំណេះសំណាលជាមួយលោក គ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សានៅទូទាំងស្រុកបរសេដ្ឋ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបរសេដ្ឋ ចំនួន៦០៥នាក់។ ចូលរួមក្នុងពិធីនេះរួមមានលោក យឹម សុខុម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបរសេដ្ឋ និង អស់លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះជួយឃុំក្នុងស្រុកបរសេដ្ឋ លោកអភិបាលស្រុក និងកងកម្លាំងប្រដាប់អាវុធ ក្នុងស្រុកបរសេដ្ឋផងដែរ។

លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្តិភាពប៉ារីសមិនបានធ្វើឱ្យមានសន្តិភាពទាំងស្រុងទេ។
យើងបានសុខសន្តិភាព រយៈពេល២០ឆ្នាំមកនេះ គឺដោយសារនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ដែលបាន សម្រេចនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៨។ យើងនឹងបន្តបានសុខសប្បាយ និងមានការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ដោយសារសន្តិភាព និងការអភិវឌ្ឍ យើងលែងជាប្រទេសក្រីក្រទៀតហើយ ចាប់ពីឆ្នាំ២០១៦មក។ រាជរដ្ឋាភិបាលបាននិងកំពុងដឹកនាំឱ្យមានការផ្លាស់ប្តូរ ដោយ ១) ធ្វើការអភិវឌ្ឍសេដ្ឋកិច្ច ២) កែលម្អហេដ្ឋារចនាសម្ព័ន្ធ ៣) កែលម្អប្រព័ន្ធអប់រំដោយការពង្រឹងគុណភាពក្នុងការបណ្តុះបណ្តាល និងការប្រឡង ៤) កែលម្អប្រព័ន្ធប្រាក់បៀវត្ស ដោយការដំឡើងប្រាក់ខែជូនមន្រ្តីរាជការលោកគ្រូអ្នកគ្រូ ២ដងក្នុងមួយឆ្នាំ និង៥) ការផ្តល់របស់សន្តិសុខសង្គមដល់មន្ត្រីរាជការ និងកម្មករ។ នេះហើយជាការផ្លាស់ដែលគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចបាន និងកំពុងធ្វើជាក់ស្តែង។

ប្រទេសយើងសព្វថ្ងៃ ប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ហើយយើងបានរៀបចំការបោះឆ្នោតជាទៀងទាត់រៀងរាល់៥ឆ្នាំម្តង។ ដើម្បីមានប្រជាធិបតេយ្យ ត្រូវមាន ១) ច្បាប់ ២) ស្ថាប័ន និង ៣) ការអនុវត្តច្បាប់។ ចំណុចសំខាន់នៅត្រង់ថា យើងទាំងអស់គ្នាស្រឡាញ់ប្រជាធិបតេយ្យ ដូច្នេះ ត្រូវនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ មកដល់ម៉ោងនេះ មិនមានអ្វីប៉ះពាល់ដល់ដំណើរការបោះឆ្នោតទេ កុំជឿតាមការឃោសនាអកុសលរបស់ជនបោកប្រាស់នៅក្រៅស្រុក។
បើមិនទៅបោះឆ្នោត គឺមិនមានបញ្ហាទេ។ តែកុំរារាំងគេមិនឱ្យទៅបោះឆ្នោត និងកុំយកម្រាមដៃជ្រលក់ថ្នាំលាបសក់។ អំពើទាំងនេះនឹងទទួលរងការផាកពិន័យជាប្រាក់ និងទទួលរងការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌផងដែរ។

នៅទីបញ្ចប់ លោកទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សាដែលសមាជិកអង្គពិធីទាំងអស់ថា យើងស្រឡាញ់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ កក្កដា នាំគ្នាទៅឆ្នោតបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយត្រូវគូសឱ្យចំលេខរៀងទី២០ ដែលមានរូបទេវតាបាចផ្កា៕