(ត្បូងឃ្មុំ)៖ លោក វង សូត អនុប្រធានក្រុមការងារចុះជួយបក្សថ្នាក់ខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងលោកជំទាវ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិការបក្សមូលដ្ឋានចំនួន៩៥០នាក់ នៅឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ថ្លែងប្រាប់សមាជិកគណបក្សប្រជាជនកម្ពុជា ជាង៩០០នាក់ ពីខេត្តត្បូងឃ្មុំ លោក វង សូត បានឲ្យដឹងថា «ប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍រីកចំរើនទៅបាន លុះត្រាតែប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតជូនរាជរដ្ឋាភិបាលបច្ចុប្បន្នទាំងអស់គ្នា»។
លោក វង សូត បានថ្លែងបន្តថា៖ ការអភិវឌ្ឍន៍ សន្តិភាព ស្ថេរភាព និងសមិទ្ធិផលជាច្រើនរបស់ប្រទេសកម្ពុជា ដែលកំពុងទទួលបាននាពេលបច្ចុប្បន្ននេះ គឺបានមកពីការខិតខំប្រឹងប្រែង របស់គណៈបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយក្នុងការគិតគូរប្រទេសជាតិ និងប្រជាជនកម្ពុជាផងដែរ ។
បន្ថែមពីលើនេះ លោក វង សូត បានបញ្ជាក់ថា ការរំលាយគណបក្សសង្រ្គោះជាតិចោល ដោយតុលាការកំពូល មិនមែនមកពីអ្នកណានោះទេ គឺមកពីមេបក្សសង្រ្គោះជាតិខ្លួនឯង ដែលមានគំនិតក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ក្បត់ពាក្សសម្បថដែលបានស្បថមុខព្រះមហាក្សត្រ មុខព្រះស្វេត្រឆត្រ័ និងមុខព្រះភក្រ័ព្រះសង្ឃទាំងពីរគណៈ ឃុបឃិតជាមួយបរទេសចង់បង្កើតបដិវត្តន៍ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ផងដែរ។
លោក វង សូត បានលើកឡើងថា ការផ្តល់សេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិ ក្នុងនោះប្រទេស កម្ពុជាសម្រេចបាននូវគ្រឹះលទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធិ មនុស្សបានយ៉ាងពេញលេញ ផ្ទុយពីក្រុមមនុស្សមួយចំនួនដែល បានដើរនិយាយរិៈគន់មួលបង្កាច់តែប្រជាជន និងប្រទេសជាតិខ្លួនឯង ។
ជាមួយគ្នានោះ លោក វង សូត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចាញ់ឧបាយកលជនឆបោកមួយចំនួនដែលបាន ត្រឹមនិយាយតែមាត់ តែធ្វើមិនបានអ្វីទាល់តែសោះ ។ ឯកឧត្តម ក៏បានអំពាវនាវអោយគ្រប់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទាំងអស់ត្រូវត្រៀមខ្លួនត្រៀមលក្ខណៈ អោយបានគ្រប់គ្រាន់ សម្រាប់ការចូលរួម ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី ៦ ដែលនិងជិតចូលមកដល់នៅថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ក្រោយបញ្ចប់ការសំណេះសំណាលនាពេលនោះ លោក វង សូត អនុប្រធានក្រុមការងារចុះជួយបក្សថ្នាក់ខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងលោកជំទាវ បាននាំយកអំណោយជាសំភារៈ និងថវិកា ចែកជូនដល់សមាជិកចំនួន៩៥០នាក់ ក្នុងម្នាក់ៗទទួលបានក្រម៉ារ១ និងថវិការចំនួន១៥.០០០រៀលផងដែរ៕