(កណ្តាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូល នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាល ជាមួយមន្រ្តីគណបក្សមកពីសាខាបក្ស អង្គភាពជុំវិញស្រុកមុខកំពូល និងដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុក ដើម្បីបូកសរុបសភាពការណ៍ និងដាក់ចេញនូវផែនការណែនាំ ឆ្ពោះទៅកាន់ជ័យជំនះនៅក្នុងការបោះឆ្នោតខាងមុខនេះ ដើម្បីប្រទេសជាតិ និងប្រជាជន។
ថ្លែងក្នុងឱកាសនោះ លោក វង្សី វិស្សុត បានសំដែងនូវការកោតសរសើរ ជាមួយនឹងការវាយតម្លៃ ចំពោះមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលកន្លងមក បានយកអស់កម្លាំងកាយចិត្តខិតខំបំពេញការងារទៅតាមសមត្ថកិច្ច, មុខងារ និងតួនាទីរបស់ខ្លួន ក្នុងការបម្រើប្រទេសជាតិ និងប្រជាជន។
លោកបានផ្តល់ការណែនាំដល់មន្រ្តីគណបក្ស នៅតាមអង្គភាពទាំងអស់ ត្រូវបន្តពង្រឹងបញ្ហាសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងគុណភាពភាព ជាអ្នកដឹកនាំ នៅតាមអង្គភាពរបស់ខ្លួន ព្រមទាំងត្រូវពង្រឹងគោលជំហរ, វិន័យការងារ និងគោលការណ៍ក្នុងការបំពេញការងាររបស់ខ្លួន និងត្រូវកាត់ផ្តាច់បញ្ហាបុគ្គល ឲ្យដាច់ស្រឡះពីបញ្ហារួម ដោយមិនត្រូវប្រកាន់គោលការណ៍ខឹងគោវាយរទេះនោះទេ។
បើតាមលោកប្រធានក្រុមការងារ មន្រ្តីគណបក្សទាំងអស់ត្រូវបន្តពង្រឹងកិច្ចសហការ និងការសម្របសម្រួល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររួម ដោយផ្តោត ការយកចិត្តទុកដាក់សរុប ទៅលើការបន្តពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួនពិសេសការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដោយមិនត្រូវបណ្តែតបណ្តោយឲ្យបានអំពើអសកម្មណាមួយកើតមានឡើង នៅក្នុងមូលដ្ឋានរបស់ខ្លួនជាដាច់ខាត និងត្រូវបន្តពង្រឹង គុណភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាជនទ្វេដង ពិសេសសេវាសាធារណៈទាំងឡាយ ដែលពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ដើម្បីបន្តដណ្តើមការគាំទ្រ និងការជឿទុកចិត្តពីប្រជាជន។
លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋានឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយទំនាស់ដីធ្លី និងត្រូវរក្សាការពារឲ្យបានដាច់ខាត នូវទ្រព្យសម្បត្តិទាំងឡាយរបស់រដ្ឋ ដូចជាបឹងបួរជាដើម កុំឲ្យមានការរំលោភបំពាននិងកាន់់កាប់ដោយខុសច្បាប់។
លោកគូសបញ្ជាក់ថា ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ គឺមានលក្ខណៈយុទ្ធសាស្រ្តសំខាន់ណាស់ និងជាចំណុចស្លាប់រស់របស់កម្ពុជា នៅក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត ក្នុងការធានារក្សាបាននូវសន្តិភាព, ស្ថេរភាព និងការអភិវឌ្ឍន៍ ពិសេសការបន្តចលនការ នៃការងើបឡើងវិញរបស់កម្ពុជា ឲ្យក្លាយជាប្រជាជាតិមួយដែលកាន់តែរុងរឿង, ប្រជាជនមានជីវភាពកាន់តែធូរធារ, មានកិត្យានុភាពកាន់តែខ្ពស់ត្រដែត ហើយកាន់តែរឹងមាំ ដែលអាចទប់ទលបាននូវការគំរាមកំហែងណាមួយ ទាំងមកពីខាងក្នុង និងទាំងមកពីខាងក្រៅប្រទេស។
ក្នុងន័យនេះ ប្រជាពលរដ្ឋខ្មែរគ្រប់ៗ រូបត្រូវតែអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តីជាបន្តទៀត ដើម្បីធ្វើឲ្យការងើបឡើងវិញ របស់កម្ពុជាពីការធ្លាក់ចុះដុនដាបរាប់រយឆ្នាំមកនេះ កុំឲ្យធ្លាក់ចុះសារជាថ្មីម្តងទៀត។ ដូចនេះ ការបោះឆ្នោតនៅចុងខែក្រោយនេះ មិនមែនជាបញ្ហាបុគ្គល ឬគ្រួសារ ឬសម្រាប់ភូមិឃុំណាមួយទេ តែជាបញ្ហាសម្រាប់ប្រទេសជាតិទាំងមូល៕