(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសចិន នឹងសហការគ្នា បន្តទៀតដើម្បីធ្វើសមយុទ្ធយោធានាគមាស នៅឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់ជិតស្និតបន្ថែមទៀត និងស្វែងយល់ពីគ្នាទៅវិញទៅមកលើវិស័យការពារជាតិកម្ពុជា-ចិនផងដែរ។
ប្រមុខការពារជាតិកម្ពុជា បានថ្លែងបែបនេះ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ វៃ ហ្វេនហេ (WEI FENGHE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីក្រសួង ការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនោះក៏យើងប្រកាសរួមគ្នា ថាយើងបន្តកិច្ចសហប្រតិបត្តិការសមយុទ្ធនាគមាស បន្តទៀតនៅឆ្នាំក្រោយនេះ ក៏ដូចជាយើងត្រៀមដើម្បីទទួល នូវការសំចតនាវារបស់កងទ័ពជើងទឹករបស់សាធារណប្រជាមានិតចិន ដែលមកសំចត និងទស្សនកិច្ចដើម្បីផ្លាស់ប្តូរបទពិសោធជាមួយគ្នា និងគ្នានៅពេលខាងមុខដែរ»។
ជាមួយគ្នានេះ ភាគីចិន បានបន្តប្រកាសផ្តល់ជំនួយឥតសំណងក្នុងវិស័យយោធាជាទឹកប្រាក់ចំនួន៦៤៥លានយ័ន ដើម្បីឱ្យកម្ពុជា យកទៅប្រើប្រាស់ទៅលើវិស័យយោធាដែលចាំបាច់ផងដែរ។ ទទ្ទឹមនឹងនេះ ប្រទេសចិន បានចុះជួយព្យាបាលជំងឺជូនពលរដ្ឋខ្មែរ ក្រីក្រនៅតាមមូលដ្ឋាននានា ទៅតាមអង្គភាពរបស់ខ្លូនផងដែរ។
ប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់ថា សម្រាប់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិចិនលើកនេះ បានបញ្ជាក់ឱ្យឃើញពីកិច្ច សហប្រតិបត្តិល្អរវាងគ្នា នឹងគ្នាទៅវិញទៅមក និងបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាមួយគ្នា ឱ្យកាន់តែស្អិតរមួតលើវិស័យជាច្រើនផងដែរ។ តែអ្វីដែលសំខាន់បំផុតនៅពេលនេះ គឺផ្តោតទៅលើវិស័យយោធា ដែលជាផ្នែកមួយដ៏ធំ និងសំខាន់បំផុតដើម្បីរួមចំណែកពង្រឹងសុខសន្តិភាព នៅក្នុងប្រទេសនីមួយៗ ដូចជាក្នុងតំបន់ទាំងមូលផងដែរ៕