(សៀមរាប)៖ ទិវាយោគៈអន្តរជាតិលើកទី៤ «The 4th International Day of Yoga» ដែលរៀបចំសហការដោយស្ថានទូតឥណ្ឌា ក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានរៀបចំនៅបរិវេណប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ ដើម្បីបង្កើនមិត្តភាព និងចូលរួមពង្រីកវិស័យកីឡា ក៏ដូចជាទាក់ទាញទេសចរអន្តរជាតិ ពិសេសទាក់ទាញទេសចរឥណ្ឌា ឱ្យមកកម្ពុជាកាន់តែច្រើន នៅឆ្នាំខាងមុខៗ។
ពិធីនេះស្ថិតក្នុងអធិបតីភាពរបស់លោក ប៉ាក់ សុខុម រដ្ឋលេខាក្រសួងទេសចរណ៍, លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋឥណ្ឌ ប្រចាំកម្ពុជា, និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប, លោក ធា ស៊ីវត្ថា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងវត្តមានអស់លោក លោកស្រី យុវជន សិស្សានុសិស្ស មន្ត្រីរាជកា ភ្ញៀវជាតិ-អន្តរជាតិ សរុបប្រមាណ១,៣០០នាក់។
លោក ប៉ាក់ សុខុម បានថ្លែងថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកបដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះរួមទាំងវិស័យទេសចរណ៍។ ហើយឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៥,៦លាននាក់ ក្នុងកំណើន១១,៨% ក្នុងនោះទេសចរឥណ្ឌា មានចំនួនជាង៦ម៉ឺននាក់ ក្នុងកំណើន២៩%។ ដោយឡែកក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិ២លាន ១៧ម៉ឺននាក់ កើនឡើង១៣,៥% ខណៈដែលកម្ពុជារំពឹងថា នឹងទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ៧លាននាក់ នៅឆ្នាំ២០២០ និង១០លាននាក់ នៅឆ្នាំ២០៣០។
លោកបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍យោគៈអន្តរជាតិ មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព អប់រំផ្លូវកាយ ស្ងប់អារម្មណ៍ ដែលជំរុញឲ្យមនុស្ស ស្រឡាញ់សុខសន្ដិភាពប៉ុណ្ណោះទេ ប៉ុន្ដែក៏បានផ្ដល់ឱកាសឲ្យកម្ពុជា ចូលរួមអបអរទិវានេះ ជាមួយបណ្ដាប្រជាជាតិនានា នៅក្នុងពិភពលោក ហើយអ្វីដែលសំខាន់នោះ គឺគោលដៅទេចរណ៍ដ៏ល្អៗរបស់កម្ពុជា (រួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តបាត់ដំបង) នឹងត្រូវបានធ្វើការផ្សព្វផ្សាយ ដល់ភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់នៅទូទាំងពិភពលោកឲ្យបានស្គាល់។
ជាពិសេសខណៈពេលដែលថ្មីៗនេះ ប្រាសាទអង្គរ របស់កម្ពុជាបន្តទទួលចំណាត់ថ្នាក់លេខ១ «ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុត លើសកលលោលសម្រាប់ឆ្នាំ២០១៨» ដោយក្រុមប្រឹក្សាយោបល់ Trip Advisor ដែលជាមោទនភាពមួយទៀតរបស់កម្ពុជានៅលើឆាកអន្តរជាតិ សក្តិសម និងការប្រសិទ្ធនាមកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈប្រកបដោយភាពកក់ក្ដៅ (Cambodia: Kingdom of Wonder - Feel the Warmth)។
សូមបញ្ជាក់ថា វិធីលំហាត់ប្រាណយោគៈ (YOGA) ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិ ទទួលស្គាល់ថា យោគៈបានផ្តល់នូវវីធីសាស្ត្ររួមមួយ ដើម្បីថែរក្សាសុខភាព និងសុខុមាលភាព ហើយអង្គមហាសន្និបាតអង្គការសហប្រជាជាតិ ដែលមានប្រទេសជាសមាជិកប្រមាណ ១៩៣ប្រទេស បានអនុម័តសេចក្តីសម្រេចរួមគ្នាមួយ៕