(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាពង្រឹងមូលដ្ឋានឃុំភ្នំសំពៅ បានលើកឡើងថា ជនពិការដោយសារសង្រ្គាមជាអតីតយុទ្ធជនទាំងអស់ មានគុណដំណាច់ គុណសម្បត្តិដ៏ធំធេងខ្លាំងណាស់ ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា ដោយពួកគាត់តែងនៅសមរភូមិមុខជានិច្ច ដើម្បីការពារជាតិ រក្សាសន្តិភាពបាននៅគង់វង្សដល់សព្វថ្ងៃ។
ការលើកឡើងរបស់លោកប្រធានក្រុមការងារ ក្នុងពិធីចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ជាជនពិការទាំងអស់ចំនួន១៩៣នាក់ មកពីភូមិទាំង១០ ក្នុងឃុំភ្នំសំពៅ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
លោក ហែម ថេង បានឲ្យដឹងថា ជនពិការដោយសារសង្រ្គាមជាអតីតយុទ្ធជនទាំងអស់ គឺមានគុណដំណាច់ គុណសម្បត្តិដ៏ធំធេងខ្លាំងណាស់ដល់ប្រទេសជាតិនិងប្រជាពលរដ្ឋកម្ពុជា ដោយពួកគាត់បានចូលរួមលះ បង់សាច់ស្រស់ឈាមស្រស់ រហូតមានពលី ពិការ ដើម្បីបុព្វហេតុជាតិ ការពារជាតិ រក្សាសន្តិភាពបាននៅគង់វង្សដល់សព្វថ្ងៃ ព្រមទាំងមានការអភិវឌ្ឍន៍មានការរីកចំរើន លើគ្រប់វិស័យនាពេលបច្ចុប្បន្ន។
លោកប្រធានក្រុមការងារ បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកំពូលពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខសមាគមអតីតយុទ្ធជនកម្ពុជា និងបានណែនាំជាប្រចាំដល់ថ្នាក់ដឹកនាំថ្នាក់ ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ពិសេសនៅតាមមូលដ្ឋានផ្ទាល់ សម្តេចធ្លាប់បានថ្លែងជាបន្តបន្ទាប់ថា ជនពិការយើងទាំងអស់គ្នានេះ ត្រូវបានយកចិត្តទុកដាក់ជាអាទិភាព ដោយមិនទុកអ្នកណាម្នាក់នៅឯកោឡើយ ព្រោះពួកគាត់មានគុណដល់ប្រទេសជាតិច្រើនណាស់ ទើបយើងមានសុខសន្តិភាពនិងអភិវឌ្ឍន៍ដល់ថ្ងៃនេះ។
នៅក្នុងឱកាសសំណេះសំណាល សួរសុខទុក្ខជនពិការយើងនេះផងដែរ ជនពិការមួយចំនួន ដែលជាអតីតយុទ្ធជនបានថ្លែងអំណរគុណដល់លោកប្រធានក្រុមការងារ ដែលបានលើកស្ទួយ និងយកចិត្តទុកដាក់ដល់ពួកគាត់ ពួកគាត់បាននិយាយដូចៗគ្នាថា «យើងខ្ញុំទាំងអស់គ្នាជាជនពិការសូមប្តេជ្ញាចិត្តបន្តចូលរួមបំរើកិច្ចការសង្គមបន្តទៀតតាមរយៈកាតព្វកិច្ចជាប្រជាពលរដ្ឋ បញ្ចេញសិទ្ធរបស់ខ្លួន៥ឆ្នាំម្តង ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិណាដែល បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាធំ និងបានកសាងប្រទេសឲ្យមានការរីកចំរើនពិតប្រាកដ ពិសេសគឺបោះឆ្នោតជូនបក្សប្រជាជន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ទទួលបានជោគជ័យបន្តដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍»។
លោកប្រធានក្រុមការងារ បានបន្តនៅក្នុងកិច្ចសំណេះសំណាលជាមួយជនពិការនេះថា ក្រុមការងារយើងតែងតែបានចុះមូលដ្ឋានពិសេសតាមខ្នងផ្ទះជាច្រើនឆ្នាំមកហើយ តាមរយៈកិច្ចប្រជុំ ចុះតាមផ្ទះផ្ទាល់ ដោយបានកសាងសមិទ្ធិផលលើគ្រប់វិស័យជាច្រើន ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទុកសម្រាប់ប្រើប្រាស់ជាសាធារណៈកន្លងមក ជាក់ស្តែងថ្ងៃនេះ ក្រុមការងារយើងបានជួបបងប្អូនជាជនពិការ ទាំងអស់មាន៣ប្រភេទក្នុងនោះមានជនពិការដោយសារសង្រ្គាម ជនពិការមានពីកំណើត និងជនពិការដោយព្រឹត្តហេតុផ្សេងៗ។ ដើម្បីជាដឹងគុណក្រុមការងារ បានជូនថវិកាកម្តរដៃក្នុងម្នាក់ៗ ទទួលបាន៣ម៉ឺនរៀល ចំណែកជនពិការដើរមកមិនរួចក្រុមការងារបានចុះទៅសួរសុខទុក្ខដល់ខ្នងផ្ទះជូនថវិកាដូចគ្នាផងដែរ។
លោកបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋផងដែរថា កុំជឿតាមការឃោសនារបស់ពួកក្រុមប្រឆាំងមិនបានទៅបោះឆ្នោត ហើយបានក្លែងបន្លំយកទឹកលាបសក់ ឬទឹកលាក្រចកមកជ្រលក់ដៃ គឺជាក្លែងបន្លំអាចជាប់ទោសទណ្ឌ ដល់ខ្លួនយើង គឺគ្មានពួកក្រុមបោកទាំងនោះអាចមកជួយយើងបានឡើយ ដូច្នេះត្រូវតែបំពេញការតព្វកិច្ច ជាពលរដ្ឋល្អម្នាក់ទៅបោះឆ្នោតដែលខ្លួនពេញចិត្តធ្លាប់រួមសុខរួមទុក្ខជាមួយគ្នា និងមានសន្តិភាព សេរីភាព ក្នុងការរស់នៅប្រចាំថ្ងៃសប្បាយរីករាយផងដែរ៕