(កណ្តាល)៖ មុខសញ្ញាឆបោកម្នាក់ ដោយប្រើប្រាស់សម្លៀកបំពាក់ជាឯសណ្ឋានកងរាជអាវុធក្លែងក្លាយ និងប្រើប្រាស់អាវុធខ្លីមួយដើមផងដែរ ត្រូវពលរដ្ឋរងគ្រោះ៣នាក់ នៅស្រុកស្អាង មកដាក់ពាក្យបណ្តឹង នៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកស្អាង ឲ្យជួយស្រាវជ្រាវស្វែងរកមុខសញ្ញា និងជួយរកយុត្តិធម៌ជូន។
អាវុធហត្ថស្រុកស្អាង ក្រោយពីទទួលបណ្តឹងបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការរុករកមុខសញ្ញា តែដោយសារផុតបទល្មើស ជាក់ស្តែង ទើបស្នើសុំទៅតុលាការឲ្យចេញដីកា នាំខ្លួនរួចហើយ បានសហការស្រាវជ្រាវជាមួយអាវុធលើផ្ទៃប្រទេស ឲ្យដឹងថា ជនសង្ស័យសំងំនៅខេត្តសៀមរាប ទើបសុំការសហការជាមួយអាវុធហត្ថខេត្តសៀម ឃាត់ខ្លួនបាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅបន្ទប់ជួល ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងនោះឆែកឆេររកឃើញវត្ថុតាងអាវុធខ្លី១ដើម ឯកសណ្ឋាន និងឯកសារក្លែងក្លាយមួយចំនួនផង ហើយនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រគល់ជនសង្ស័យមកឲ្យអាវុធខេត្តកណ្តាល ដើម្បីបន្តនីតិវិធីច្បាប់។
លោក អ៊ូ ផល្លី មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ នឿន ណាត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនរងគ្រោះ ដែលបានមកដាក់ពាក្យបណ្តឹងទី១៖ឈ្មោះ មួន ម៉ឺន អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរបន្ទប់ជួលជនសង្ស័យ, ទី២៖ឈ្មោះ ហ៊ិន សុដានោ អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប និងទី៣៖ឈ្មោះ ប៉ាត ភាព ភេទស្រី អាយុ៣៤ឆ្នាំ ត្រូវជាសង្សារជនសង្ស័យ ស្នាក់នៅផ្ទះជួលជាមួយគ្នា។
លោកបានបន្តថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះទាំង៣នាក់ បានមកដាក់ពាក្យបណ្តឹងនៅអាវុធហត្ថស្រុកស្អាង ឲ្យជួយអន្តរាគមន៍ដល់ពួកគាត់ ដោយប្តឹងជនសង្ស័យខាងលើថា បានឆបោកម៉ូតូមួយគ្រឿង ទូរស័ព្ទដៃ២គ្រឿង និងគ្រឿងអល្លង្កាការ និងលុយមួយចំនួនទៀត ដោយជនសង្ស័យ បានប្រាប់ពួកគាត់ថា គេជាមន្ត្រីកងរាជអាវុធហត្ថក្រុងតាខ្មៅ ហើយប្រើប្រាស់ឯកសណ្ឋានកងរាជអាវុធហត្ថ ស្លាកសំគាល់ត្រឹមត្រូវ។
លោកបន្ថែមថា ក្រោយពីទទួលបណ្តឹង ដោយមានការណែនាំពីលោកឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធខេត្តកណ្តាល លោកបានដឹកនាំកម្លាំង ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត តែដោយសារជនសង្ស័យ បានព្យាយាមគេចខ្លួនពីខេត្តមួយ ទៅខេត្តមួយទើបពិបាកក្នុងការស្វែងរក។
ដោយការស្រាវជ្រាវអស់រយៈពេលច្រើនថ្ងៃផុត បទល្មើសជាក់ស្តែង ទើបលោកសុំយោបល់ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសុំឲ្យតុលការជួយចេញដីការនាំខ្លួនខ្លួន ក្រោយពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលចេញដីការនាំខ្លួននោះ កម្លាំងជំនាញរបស់ខេត្ត និងកម្លាំងជំនាញរបស់អាវុធហត្ថលើផ្ទៃប្រទេស បន្តស្រាវជ្រាវទើបដឹងថា ជនសង្ស័យទៅសំងំនៅបន្ទប់ជួលឯខេត្តសៀមរាប និងសុំសហការជាមួយអាវុធហត្ថខត្តសៀមរាប ចុះទៅឃាត់ខ្លួនជនសង្ស័យ បាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នៅក្នុងបន្ទល់ជួលខាងលើ ដោយធ្វើការត្រួតពិនិត្យរកឃើញឯកសណ្ឋាន និងឯកសារក្លែងក្លាយមួយចំនួន និងកាំភ្លើងខ្លី១ដើមម៉ាកK59 បង់១គ្រាប់៣គ្រាប់។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថជំនាញ រៀបចំឯកសារសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕