Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ផ្តល់ការណែនាំ ចែករំលែកបទពិសោធន៍ និងចំណេះដឹងលើការងារបោះឆ្នោត ជូនអ្នកសង្កេតការណ៍ទាំងអស់ ដើម្បីមានមូលដ្ឋានយកទៅអនុវត្ត

17-06-2018 11:44

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកមេមត់ ក្នុងឱកាសចូលរួមអបអរសាទខួបអនុស្សាវរីយ៍លើកទី៦៧ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៨) លោក ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាល និងធ្វើការណែនាំការងារមួយចំនួន ដល់អ្នកសង្កេតការណ៍គណបក្សនៅទូទាំងស្រុកមេមត់ ខេត្តត្បូងឃ្មុំ សរុបចំនួន៥៤៦នាក់។

បន្ទាប់ពីស្តាប់របាយការណ៍ សភាពការណ៍ជាក់ស្តែង របស់លោកអភិបាល នៃគណៈអភិបាលស្រុក រួចមក លោក ចាយ បូរិន បានសំដែងនូវការកោតសរសើរ និងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានសុខសុវត្ថិភាព និងការរីកចម្រើននាបច្ចុប្បន្ននេះ។

បន្ថែមពីលើនេះ អ្នកតំណាងរាស្រ្ត ក៏បានផ្តល់ការណែនាំ ចែករំលែកបទពិសោធន៍ ចំណេះដឹងលើការងារបោះឆ្នោត ដោយបានពន្យល់ពីច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីនានា ពាក់ព័ន្ធនឹងការបោះឆ្នោត ជូនដល់អ្នកសង្កេតការណ៍ទាំងអស់ ដើម្បីមានមូលដ្ឋានយកទៅអនុវត្ត។

លោក ចាយ បូរិន ក៏បានលើកឡើងផងដែរពីក្រមសីលធ៌អ្នកសង្កេតការណ៍ និងភ្នាក់ងារសង្កេតការណ៍របស់គណបក្សនយោបាយ សម្រាប់អនុវត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយជំហរអព្យាក្រិតមិនលម្លៀងដើម្បីធានាឱ្យបានកិច្ចសង្កេតការណ៍បោះឆ្នោតត្រូវធ្វើឡើងដោយសុចរិតភាពនិងមានតម្លាភាព។ ហើយ គ.ជ.ប ក៏បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកសង្កេតការណ៏ជាតិ និអន្តរជាតិត្រូវបានហាមឃាត់នូវការចេញសេចក្តីថ្លែងការ ឬផ្តល់បទសម្ភាសន៍ដល់ប្រពន្ធ័ផ្សព្វផ្សាយ ធ្វើសកម្មភាពគាំទ្រដល់គណបក្សនយោបាយ ឬបេក្ខជនណាម្នាក់បានឡើយ។

លោកតំណាងរាស្រ្តក៏បានបញ្ជាក់ផងដែរថា ដើម្បីឱ្យការបោះឆ្នោតខាងមុខ(២៩ កក្កដា ២០១៨ ) ប្រព្រឹត្តទៅប្រកបដោយភាពរលូន ត្រឹមត្រូវតាមច្បាប់នោះ ទាមទាឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមសហការ អនុវត្តឱ្យបានត្រឹមត្រូវនូវរាល់ច្បាប់ បទបញ្ជា និងនិតិវិធីណែនាំនានាដែល គ.ជ.ប បានកំណត់។

ជាមួយគ្នានេះ លោក ចាយ បូរិន ក៏បានណែនាំដល់សមាជិកចូលរួមទាំងអស់ប្រមែប្រមូលបងប្អូន សាច់ញាតិ ក្រុមគ្រួសារទៅបោះឆ្នោតនាថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឱ្យបានគ្រប់ៗគ្នា និងត្រូវបន្តយកចិត្តទុកដាក់សាមគ្គីជាធ្លុងមួយរួមគ្នាបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរថែមទៀត ដោយមិនត្រូវបែងចែកនិន្នាការនយោបាយ បក្សពួកអ្វីឡើយ៕