(ភ្នំពេញ)៖ ម្តងហើយម្តងទៀត វាជារឿងគួរឲ្យហួសចិត្តនៅពេលដែលអ្នកការពារសិទ្ធិមនុស្សបែរជា ទោមនស្សជាមួយសេចក្តីណែនាំឲ្យមនុស្សគោរពច្បាប់ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ។ យើងនៅចាំបានថា នៅពេលដែលក្រសួងបីគឺ ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយដើម្បីតាមដានព័ត៌មានក្លែងក្លាយ Fake News និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ និងព័ត៌មានដែលមានលក្ខណៈបង្កជម្លោះ រវាងប្រទេសជិតខាង និងបង្កឲ្យមានការស្អប់ខ្ពើមជាតិសាសន៍ជាដើមនោះ ស្រាប់តែក្រុមអង្គការ សង្គមស៊ីវិលមួយចំនួន ស្រែករិះគន់ និងនាំគ្នាព្រួយបារម្ភថា វិធានការណ៍នោះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព បញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
ឥឡូវនេះ គេបានលឺម្តងទៀតហើយ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានថ្លែងរិះគន់ គ.ជ.ប ដែលបានចេញក្រមប្រតិបត្តិមួយ សម្រាប់ប្រព័ន្ធផ្សាយព័ត៌មានសម្រាប់ធ្វើសេចក្តីរាយការណ៍ ពេលបោះឆ្នោត។ ខ្លឹមសារសំខាន់ដែលស្ថាប័នរៀបចំការបោះឆ្នោតណែនាំនោះ គឺមានគោលដៅចង់ឲ្យសារព័ត៌មានគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគោរពច្បាប់ស្តីពី ការបោះឆ្នោត ដោយមិនត្រូវផ្សព្វផ្សាយព័ត៌មានដែល មានលក្ខណៈបំភាន់ ញុះញង់ នាំឲ្យមានចលាចល និងមានចេតនាអាក្រក់បំផ្លាញការបោះឆ្នោត។
អ្វីដែលគួរឲ្យឆ្ងល់នោះគឺ តើក្រុមដែលអះអាងថា សង្គមស៊ីវិល និងជាអ្នកការពារសិទ្ធិមនុស្ស រាប់ទាំងលោកស្រី រ៉ូណា ស្មីត ផងដែរនោះ ចង់ឲ្យបណ្តាញសង្គម ឬក៏សារព័ត៌មានផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ព័ត៌មានបែបញុះញង់ឲ្យស្អប់ពូជសាសន៍, ឲ្យមានភាពចលាចល ក្នុងសង្គមឬយ៉ាងណា? ប្រសិនបើមិនទប់ស្កាត់ព័ត៌មានទាំងនោះទេ អ្នកទាំងនោះ មិនគួរចេញមុខរិះគន់វិធានការ ដែលមានគោលដៅធ្វើឲ្យមនុស្សមានសីលធម៌ ចេះគោរពច្បាប់ ធ្វើឲ្យសារព័ត៌មានផ្តល់ព័ត៌មានពិត ព័ត៌មានដែលមានប្រយោជន៍ដល់សង្គម បែបនេះឡើយ។
អ្វីដែលរឹតតែមិនយល់ថែមទៀត នោះគឺ នៅក្នុងប្រទេសជឿនលឿនក្នុងលោក រាប់ទាំងមហាអំណាចធំៗដូចជា អាមេរិក និងអឺរ៉ុបជាដើមនោះ សុទ្ធតែមានគោលនយោបាយយ៉ាង រឹងរ៉ឹងក្នុងការប្រយុទ្ធប្រឆាំងនឹងការញុះញង់ឲ្យស្អប់ខ្ពើមពូជសាសន៍។ ក្នុងពិភពលោកបច្ចុប្បន្ន ក៏គេកំពុងប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ Fake News យ៉ាងខ្លាំងក្លាណាស់ដែររាប់ទាំង សហរដ្ឋអាមេរិក និងបារាំង ផងដែរ។
ចុះហេតុអ្វីបានជា ពួកអ្នកទាំងនោះ ចេះតែមករិះគន់ប្រទេសកម្ពុជាដែលគ្រាន់តែធ្វើដូចគេដែរ ហើយធ្វើក្រោយ គេថែមទៀតនោះ? ក្នុងនាមកូនខ្មែរដែលបានតាមដានរឿងរ៉ាវ ពាក់ព័ន្ធនឹងប្រទេសកម្ពុជាជារៀង រហូតមក ខ្ញុំហាក់ដូចជាហួសចិត្តផង និងអស់សំណើចផង ចំពោះសេចក្តីថ្លែងការណ៍របស់ក្រុមសង្គមស៊ីវិលមួយចំនួន ក៏ដូចជា ជនបរទេសមួយចំនួនដែលអគតិ ចំពោះប្រទេសកម្ពុជា។
រឿងរ៉ាវទាំងនេះក៏បានធ្វើឲ្យកូនខ្មែរ យើងរឹតតែមើលឃើញកាន់តែច្បាស់អំពីសារជាតិរបស់អ្នករិះគន់ទាំងនោះ ពោលគឺ ពួកគេពិតជាមានរបៀបវារៈ នយោបាយនៅពីក្រោយខ្នងយ៉ាងពិតប្រាកដ។ យើងជាកូន ខ្មែរពិតជា សប្បាយរីករាយ និងទទួលយកដោយសុទ្ធចិត្តប្រសិនបើការរិះគន់ត្រង់ចំណុចអវិជ្ជមានដើម្បីកែលម្អរ ប៉ុន្តែការរិះគន់អ្វីដែលគេធ្វើដើម្បីល្អ សោះពិតជាធ្វើឲ្យយើងហួសចិត្តខ្លាំងណាស់។
នរណាក៏ដឹងដែរថា ក្នុងបណ្តាញសង្គមសព្វថ្ងៃ បើកអានពេលណាឃើញតែព័ត៌មានបំពុល ព័ត៌មានមិនពិត ព័ត៌មានចោទប្រកាន់ និងជេរប្រមាថ។ ដូច្នេះ វិធានការដើម្បីទប់ស្កាត់ ព័ត៌មានទាំងនោះពិតជាមានសារសំខាន់ចាំបាច់។ ក្នុងន័យនេះ គេគួរតែនាំគ្នាលើកទឹកចិត្ត សាទរ និងជំរុញឲ្យអាជ្ញាធរ មានសមត្ថកិច្ចចាត់វិធានការវិញ ទើបត្រឹមត្រូវ នោះប្រសិនបើពួកគេមានចេតនាល្អចង់ឃើញសង្គមមានភាពសុខដុមរមនា មាន ភាពថ្លៃថ្នូរ និងចង់ឃើញសារព័ត៌មានផ្សាយរឿងពិត មិនក្លែងបន្លំ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
ចុះហេតុអ្វីបានជាពួកគេបែរជានាំគ្នារិះគន់ បន្ទុចបង្អាក់ វិធានការ លុបបំបាត់ភាពអនាធិបតេយ្យទៅវិញ? សូម្បីច្បាប់ការពារការជេរប្រមាថព្រះមហាក្សត្រក៏ពួកគេនាំគ្នារិះគន់ដែរ។ តើលើលោកនេះ ប្រទេសណាដែលចាត់ទុកការជេរប្រមាថថាជា សេរីភាព? តើប្រទេសណាខ្លះបានចាត់ទុកការបរិហារកេរ និងការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ថាជា សេរីភាពសម្តែងមតិ? ទាំងអស់នេះសុទ្ធតែជាប្រធានបទនៃពាក្យបណ្តឹងតាមផ្លូវច្បាប់ទាំងអស់។
ឱ! លោកស្រី រ៉ូណាស្មីត អើយ តើលោកស្រីចង់ឃើញសារព័ត៌មានផ្សាយដោយខ្វះក្រមសីលធម៌វិជ្ជាជីវៈមែនឬ? តើលោកស្រីចង់ឃើញសារព័ត៌មាននៅកម្ពុជាផ្សាយញុះញង់ឲ្ស ស្អប់ខ្ពើម ពូជសាសន៍ រវាងប្រទេសជិតខាងឬ? តើនៅស្រុករបស់លោកស្រី គេចូលចិត្តធ្វើបែបនេះឬ? ឬមួយលោកស្រីសប្បាយណាស់នឹងឃើញសង្គមខ្មែរពោរពេញដោយការជេរប្រមាថ ពោរពេញដោយព៏ត៌មានបំពុល និងពោរពេញដោយការ ស្អប់ខ្ពើមពូជសាសន៍?
សរុបទៅ អ្វីដែលពួកគេបានធ្វើមកលើប្រទេសកម្ពុជាជាអំពើលម្អៀងហើយបង្កប់ដោយចេតនាទុច្ចរិតទាំងស្រុង។ ទង្វើរបស់អ្នកទាំងនោះបាន និងកំពុងធ្វើឲ្យកូនខ្មែរកាន់តែមានទឹកចិត្តរឹងមាំ និងត្រូវមានមោទនភាពជាតិកាន់តែខ្លាំងពីព្រោះគ្មានពួកបរទេសណា ស្រឡាញ់ខ្មែរ ជាងខ្មែរខ្លួនឯងឡើយ។ យើងក៏កាន់តែយល់ច្បាស់ថែមទៀតថា អ្នកនយោបាយណាដែល យក បរទេសជាខ្នងបង្អែកជាអំពើ ល្ងង់ខ្លៅដែលមិនអាចទទួលយកបាឡើយ៕
ដោយ កូនខ្មែរ