(ភ្នំពេញ)៖ ស្ថាប័នអយ្យការ គឺជាម្ចាស់បណ្តឹងអាជ្ញា ឬជាទូទៅត្រូវបានហៅថា «បណ្តឹងព្រហ្មទណ្ឌ»។ នេះបើតាមការបកស្រាយក្នុងប្រធានបទ ស្តីពី «បណ្តឹងអាជ្ញា» តាមរយៈកម្មវិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ នាសប្តាហ៍កន្លងមក។

តើក្រៅពីភាគីអង្គការអយ្យការ មានភាគីណាផ្សេងទៀតក្នុង បណ្តឹងព្រហ្មទណ្ឌ? ឆ្លើយតបនឹងសំណួរនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទ ស្តីពី «ភាគីក្នុងរឿងក្តីព្រហ្មទណ្ឌ» មកធ្វើការពិពណ៌នាដូចតទៅ៖

តួអង្គសំខាន់ៗក្នុងបណ្តឹងព្រហ្មទណ្ឌមាន៖

*អង្គការអយ្យការ
*ជនសង្ស័យ ជនល្មើស ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន ឬទណ្ឌិត
*ជនរងគ្រោះ
*ដើមបណ្តឹងរដ្ឋប្បវេណី
*អ្នកទទួលខុសត្រូវរដ្ឋប្បវេណី

ទី១៖ អង្គការអយ្យការ (ម្ចាស់បណ្ដឹងអាជ្ញា)

អង្គការអយ្យការ ជាម្ចាស់បណ្ដឹងអាជ្ញា មាននៅអមគ្រប់សាលាជម្រះក្តី បំពេញតួនាទីការពារផលប្រយោជន៍ និងសណ្ដាប់ធ្នាប់សាធារណៈ។ នៅពេលពិនិត្យឃើញអង្គហេតុណាមួយ ដែលជាបទល្មើស អយ្យការត្រូវធ្វើការចោទប្រកាន់ និងសុំឲ្យអនុវត្តច្បាប់ចំពោះមុខយុត្តាធិការស៊ើបសួរ និងយុត្តាធិការជំនុំជម្រះ។ ជាទូទៅនៅពេលដែលតំណាងអយ្យការ រួមមាន៖ អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង បានដឹង ឬបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ឬក៏កំណត់ហេតុពីមន្រ្តីនគរបាលយុត្តិធម៌ ពាក់ព័ន្ធនឹងអំពើល្មើសណាមួយ អាចធ្វើចំណាត់ការតាមជម្រើសពីរយ៉ាង (១) ការធ្វើការចោទប្រកាន់ទៅលើអំពើនោះ ឬ (២) សម្រេចតម្កល់រឿងទុកឥតចាត់ការ។

ករណីតំណាងអយ្យការពិនិត្យឃើញថា អំពើនោះមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ពីបទព្រហ្មទណ្ឌណាមួយ នោះអយ្យការត្រូវធ្វើការចោទប្រកាន់ ហើយអាចជ្រើសរើសបើកការស៊ើបសួរ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងទៅស៊ើបសួរ ឬតាមការបញ្ជូនទៅជំនុំជម្រះផ្ទាល់ តាមរយៈ ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬនីតិវីធីបង្គាប់ឲ្យចូលបង្ហាញខ្លួនភ្លាម តាមរយៈកំណត់ហេតុស្ដីពី ការបង្គាប់ឲ្យចូលបង្ហាញខ្លួនភ្លាម។ ប៉ុន្តែប្រសិនបើអយ្យការយល់ឃើញថា អំពើទាំងនោះពុំមានធាតុផ្សំគ្រប់គ្រាន់ទេ អយ្យការអាចសម្រេចមិនធ្វើការចោទប្រកាន់ ដោយតម្កល់រឿងទុកឥតចាត់ការ តាមរយៈដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការ។

ទី២៖ ជនសង្ស័យ ជនល្មើស ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន ឬ ទណ្ឌិត

ជនល្មើស គឺអាចជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តនូវអំពើល្មើសច្បាប់ណាមួយ ដែលខ្លួនត្រូវទទួលខុសចំពោះអំពើរបស់ខ្លួនតាមកំណត់ច្បាប់។ ផ្អែកតាមបញ្ញត្តិ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ការប្រើប្រាស់វាក្យស័ព្ទចំពោះជនដែលប្រព្រឹត្តបទល្មើសនេះ គឺប្រែប្រួលទៅតាមដំណាក់កាលនីមួយៗ នៃនីតិវិធីរបស់បណ្តឹងអាជ្ញាដូចជា នៅក្នុងដំណាក់កាលដំបូង នៃនីតិវីធី នៅពេលជនម្នាក់ ត្រូវបានឃាត់ខ្លួនដោយនគរបាលយុត្តិធម៌គេប្រើពាក្យ «ជនសង្ស័យ ជនជាប់សង្ស័យ ឬក៏ជនល្មើស» តែម្ដង។

នៅដំណាក់កាលអយ្យការ បានចាប់ផ្ដើមធ្វើការចោទប្រកាន់ ជនសង្ស័យប្រែក្លាយទៅជា «ជនត្រូវចោទ» ។ ពាក្យ «ជនត្រូវចោទ» ត្រូវបានប្រើរហូតដល់មានដីកាសម្រេចបញ្ជូនរឿងទៅជំនុំជម្រះ ដោយត្រូវហៅថា «ជនជាប់ចោទ» នេះបើយោងតាមមាត្រា២៩១ កថាខណ្ឌ២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ក្រោយពីមានសេចក្ដីសម្រេចផ្ដន្ទាទោស (សាលក្រម) លើជនជាប់ចោទហើយ គេហៅជនជាប់ចោទថា «ពិរុទ្ធជន» (មាត្រា ៣៦៥ និងមាត្រាបន្តបន្ទាប់ នៃក្រមនីតិវីធីព្រហ្មទណ្ឌ)។ ប្រសិនបើករណី ពិរុទ្ធជនប្ដឹងឧទ្ធរណ៍នឹងសាលក្រម ឬ ប្តឹងសាទុក្ខនឹងសាលដីកា ដែលសម្រេចផ្ដន្ទាទោសខ្លួន គេប្រើពាក្យ «ជនជាប់ចោទ» វិញ។ ម្យ៉ាងវិញទៀត ប្រសិនបើសាលក្រម ឬ សាលដីកាដែលសេចក្ដីសម្រេចផ្ដន្ទាទោសជនជាប់ចោទចូលស្ថាពរ ជននេះត្រូវហៅថា «ទណ្ឌិត» ដែលជាជនត្រូវអនុវត្តទោសក្នុងពន្ធនាគារ។

ទី៣៖ ជនរងគ្រោះ

ជនរងគ្រោះ គឺជាបុគ្គលដែលទទួលរងគ្រោះដោយផ្ទាល់ ពីអំពើល្មើសរបស់ជនដែលប្រព្រឹត្តបទល្មើស។ ការខូចខាតដែលជនរងគ្រោះទទួលរង អាចជាព្យសនកម្មខាងរូបកាយ ផ្លូវចិត្ត ទ្រព្យសម្បត្តិ ជាដើម។ នៅក្នុងនីតិវិធី បណ្តឹងព្រហ្មទណ្ឌ ជនរងគ្រោះអាចដាក់ពាក្យបណ្តឹងរដ្ឋប្បវេណី ដើម្បីទាមទារសំណងពីជនល្មើស តាមទំហំនៃព្យសនកម្មដែលខ្លួនទទួលរង។

ទី៤៖ ដើមបណ្តឹងរដ្ឋប្បវេណី

ដើមបណ្ដឹងរដ្ឋប្បវេណី មានក្នុងរឿងក្តីព្រហ្មទណ្ឌ នៅពេលដែលជនរងគ្រោះ នៃរឿងក្តីនោះ ជាអនីតិជន ឬ ជនស្ថិតក្រោមរបបអាណាព្យាបាលទូទៅ ឬជនស្ថិតក្រោមហិតូបត្ថម្ភ ដែលតម្រូវឲ្យអ្នកមានសិទ្ធិគ្រប់គ្រងលើជនរងគ្រោះដែលជាអនីតិជន ជនស្ថិតក្រោមរបបអាណាព្យាបាលទូទៅ ឬជនស្ថិតក្រោមហិតូបត្ថម្ភ ឬសិទ្ធិវ័ន្តរបស់ជនរងគ្រោះ អាចតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីទាមទារសំណងរដ្ឋប្បវេណីពីជនល្មើស។ ការតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី ត្រូវធ្វើឡើងក្នុងនាមផលប្រយោជន៍របស់ជនរងគ្រោះ និងអាចធ្វើនៅពេលណាក៏បាន ដរាបណាចៅក្រមមិនទាន់សម្រេចលើអង្គសេចក្ដី។

ទី៥៖ អ្នកទទួលខុសត្រូវរដ្ឋប្បវេណី

អ្នកទទួលខុសត្រូវរដ្ឋប្បវេណី គឺជាជនទាំងឡាយណា ដែលច្បាប់តម្រូវឲ្យទទួលខុសត្រូវខាងសំណងរដ្ឋប្បវេណី ចំពោះទង្វើរបស់ជនល្មើស ដែលជននោះកំពុងស្ថិតនៅក្រោមការគ្រប់គ្រង របស់អ្នកទទួលខុសត្រូវរដ្ឋប្បវេណី ដែលច្បាប់ទទួលស្គាល់។ អ្នកទទួលខុសត្រូវរដ្ឋប្បវេណីអាចជា៖
*ឪពុកម្ដាយ ឬ អាណាព្យាបាលរបស់ជនល្មើសដែលជាអនីតិជន
*អ្នកមានសិទ្ធិជាអាណាព្យាបាលទូទៅ ឬ ហិតូបត្ថម្ភកៈរបស់ជនល្មើស
*សិទ្ធិវ័ន្តរបស់ជនល្មើស
*និយោជករបស់ជនល្មើស
*ក្រុមហ៊ុនធានារ៉ាប់រង៕