Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក វេង សាខុន ប្រាប់ឲ្យប្រជាពលរដ្ឋនៅឃុំចុងដាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០

17-06-2018 10:49

(ភ្នំពេញ)៖ លោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញបន្តចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកពីឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្ថិតក្នុងបរិវេនទីស្នាក់ការគណបក្សប្រជាជនកម្ពុជាចុងជាច។

ពិធីនេះ ក៏មានប្រជាជនអញ្ជើញចូលរួមចំនួនប្រមាណជា ១,៦០០ នាក់រួមជាមួយនឹង អាជា្ញធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក វេង សាខុន បានពាំនាំមកជូននូវការផ្តាំផ្ញើសាកសួរ សុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែគិតគូរ យកចិត្តទុកដាក់ពីបញ្ហាជីវភាព និងសេចក្តីសុខរបស់បង ប្អូនគ្រប់ពេលវេលា។

លោកក៏បានលើកឡើងពីការបញ្ចប់សង្គ្រាមនៅកម្ពុជាទាំងស្រុង នៅក្នុងកណ្តាប់ដៃរបស់សម្តេចតេជោ ហ៊ុន សែន។ លើសពីនេះ សម្តេចតេជោបាននាំមកនូវ សិទ្ធិរស់រានមានជីវិត និងសេរីភាពគ្រប់បែបយ៉ាងជូន ប្រជាជនកម្ពុជាគ្រប់រូប រួមទាំង សុខសន្តិភាព ស្ថិរភាព សុខសុវត្តិភាពសង្គម និងការអភិវឌ្ឍទូទៅ។

លោកបានជម្រាបជូនប្រជាពលរដ្ឋអំពីវឌ្ឍនភាពនៃការរីកចំរើនខាងវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលជាងម្ភៃឆ្នាំកន្លងទៅនេះ ក្រោមដំបូលសុខសន្តិភាព របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ជាមួយគ្នានេះ លោកក៏បានលើកឡើងពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទាក់ទងទៅនឹងការគាំពារសង្គម, ការជំរុញផលិតកម្មកសិកម្ម, ការកែឆ្នៃ, ការស្វែងរកទីផ្សារលក់ផលិតផល, ការបង្កើនចំណូលរបស់ប្រជាពលរដ្ឋ និងបណ្តាវិធានការនានារបស់សម្តេចតេជោ ទាក់ទងទៅនឹងការជួយរំលែកទុក្ខលំបាករបស់ប្រជាជន ដោយលប់បំបាត់ចំណាយលើសេវាផ្លូវការមួយចំនួនជូនប្រជាជន និងការគ្រប់គ្រង អតិផរណា តាមរយៈការគ្រប់គ្រងចំណូលរដ្ឋបានល្អប្រើរ។

លោក វេង សាខុន បានបន្តអំពាវនាវឲ្យប្រជាជនគ្រប់រូប សូមមេត្តាអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ក្នុងសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបន្តទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ និងការពារបានផលប្រយោជន៍របស់ប្រជាជនគ្រប់រូប៕