(កណ្ដាល)៖ លោកបណ្ឌិត ប៉ែន សំអាត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំចំនួនជិត១០០០នាក់ ក្នុងទូទាំងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
បន្ទាប់ពីបានសម្តែងនូវការគោរពកោតសរសើរ ដល់គុណបំណាច់កន្លងមករបស់លោកគ្រូ-អ្នកគ្រូរួចមក លោកបណ្ឌិត ប៉ែន សំអាត បានលើកឡើងថា នៅក្នុងនីតិកាលទី៥ នៃរដ្ឋសភានេះ វិស័យអប់រំត្រូវបានកែទម្រង់យ៉ាងស៊ីជម្រៅ ដែលនាំឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងច្រើន រួមមានការពង្រឹងគុណភាព វិស័យអប់រំនៅគ្រប់កម្រិត ការលុបបំបាត់ការលួចចម្លងគ្នានៅក្នុងពេលប្រឡងនានា និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាលើសុខមាលភាព គុណតម្លៃ និងការលះបង់របស់លោកគ្រូ-អ្នកគ្រូទាំងអស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។
លោកបណ្ឌិត ក៏បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពជាងគេ តាមរយៈការបង្កើនការចំណាយក្នុងវិស័យនេះ ជាង៣ដងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ និងបានយល់ច្បាស់ថា ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែង របស់ប្រទេសទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
លោកបណ្ឌិត ប៉ែន សំអាត ក៏បានគូសបញ្ជាក់ថា ទោះបីកម្ពុជាត្រូវប្រឈមនឹងការវិវត្តនយោបាយ និងសេដ្ឋកិច្ចដ៏ស្មុគស្មាញរបស់ពិភពលោកក្តី ក៏ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ត្រូវបានស្តារក្នុងទិសដៅនិងល្បឿនដ៏សមស្របមួយ ហើយសេដ្ឋកិច្ចកម្ពុជាបានឆ្លងកាត់នូវកំណើនកម្រិតខ្ពស់ រួមចំណែកកាត់បន្ថយភាពក្រីក្របានគួរឲ្យកត់សម្គាល់។
បន្ថែមពីនេះ លោកបណ្ឌិត ប៉ែន សំអាត បានសំណូមពរឲ្យលោកគ្រូ-អ្នកគ្រូទាំងអស់ ចូលរួមឲ្យអស់លទ្ធភាពក្នុង កំណែទម្រង់វិស័យអប់រំ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះមុខអនាគតកម្ពុជា, ការថែរក្សាសន្តិភាព និងឯកភាពជាតិ ឲ្យខាងតែបានក្នុងតម្លៃណាក្តី ដោយមិនត្រូវជឿលើព័ត៌មាន ដែលមានលក្ខណៈញុះញង់បំបែកបំបាក់ និងគ្មានមូលដ្ឋានច្បាស់លាស់នានា ជាពិសេសតាមបណ្តាញព័ត៌មានសង្គម និងការចូលរួមជំរុញឲ្យមានការចូលរួម ក្នុងការអនុវត្តកាតព្វកិច្ច និងសិទ្ធិជាពលរដ្ឋក្នុងការបោះឆ្នោតសកល នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខឲ្យបានគ្រប់ៗគ្នា៕