(ភ្នំពេញ)៖ ដើម្បីជាចំណេះដឹង និងកាន់តែឱ្យយល់ច្បាស់ពីផលលំបាក នៃការធ្វើបដិវត្តន៍ពណ៌នោះ នៅរៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ សាកលវិទ្យាល័យកម្ពុជា សហការជាមួយស្ថាប័នពាក់ព័ន្ធបានរៀបចំសិក្ខាសាលា «ផលវិបាកនៃបញ្ហាបដិវត្តន៍ពណ៌ ដែលកើតមាននៅជុំវិញពិភពលោក» ដើម្បីជាពុទ្ធិជួយដល់ប្រជាពលរដ្ឋស្វែងឱ្យកាន់តែច្បាស់ពីគ្រោះថ្នាក់ នៃបដិវត្តន៍ពណ៌ ដែលបង្កឡើងដោយជនបរទេស និងជនជាតិរបស់ខ្លួនមួយក្តាប់តូច ដើម្បីតែអំណាចហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងមិនគិតពីផលប្រយោជន៍ជាតិ និងប្រជាជន។
លោក ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានលើកឡើងថា ការស្វែងយល់ពីបដិវត្តន៍ពណ៌ គឺដើម្បីឱ្យប្រជាជនស្វែងយល់ពីវិធីណាមួយដែលល្អបំផុតសម្រាប់ជ្រើសរើសផ្លូវល្អដើម្បីជ្រើសរើសមេដឹកនាំជាតិ របស់ខ្លួន។ យើងឃើញនៅលើពិភពលោកមានសង្គ្រាម ការធ្វើបដិវត្តន៍ មានការបោះឆ្នោត។ ដូច្នេះតើប្រជាជនគួរជ្រើសរើសយកការបោះឆ្នោត ឬការធ្វើបដិវត្តន៍ពណ៌ យើងដឹងហើយថាគ្រប់បដិវត្តន៍នៅលើពិភពលោកសុទ្ធ តែប្រើប្រាស់ជីវិតរបស់មនុស្ស អញ្ចឹងមានតែការបោះឆ្នោតនោះទេ ដែលបង្ហាញពីឆន្ទៈដោយសន្តិវិធី និងមិនបាត់បង់ជីវិតរបស់ប្រជាជន។
លោក ហ៊ុយ វណ្ណៈ បានបន្តថា សម្រាប់ការបោះឆ្នោតនេះ ប្រជាពលរដ្ឋត្រូវតែចូលរួមបោះឆ្នោតជ្រើសរើមេដឹកនាំជាតិរបស់ខ្លួន ព្រោះនេះជារឿងសំខាន់ណាស់សម្រាប់ជាតិមាតុភូមិទាំងមូល។ សម្រាប់ការផ្លាស់ប្តូរមេដឹកនាំដោយសារតែបដិវត្តន៍ វាបានបន្សល់នូវក្តីវិនាស សួរថាតើពលរដ្ឋទាំងអស់ចង់បានបែបនេះ ឬទេ? ជាក់ស្តែងនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលបានកំទិចប្រជាជាតិ និងសម្លាប់ប្រជាជនស្លូតត្រង់អស់ជាច្រើនផងដែរ។
លោក ហ៊ុយ វណ្ណៈ បានបន្ថែមទៀតថា ថ្មីៗជនមួយក្តាប់តូចមានបំណងធ្វើបដិវត្តន៍នៅកម្ពុជា ប៉ុន្តែទំហំនៃការកើតឡើងនៃបដិវត្តន៍ពណ៌នេះ វាទំហំតូច។ ជាក់នៅឆ្នាំ២០១៣ ក្រោយពីបោះឆ្នោតសកលមានអំពើហិង្សាដុះឡាន រហូតដល់ការធ្វើកុប្បកម្ម បាតុកម្ម បណ្តាលឱ្យស្លាប់មនុស្ស ក៏ប៉ុន្តែដោយសារតែរាជរដ្ឋាភិបាលកម្ពុជា បានដឹងជាមុនដោយគ្រប់សកម្មភាពទាន់ពេលវេលាផងដែរ ប្រសិនជាគ្រប់គ្រងសកម្មភាពនេះមិនបានទេវាអាចនឹងប្រែងក្លាយដូចជាប្រទេសទុយនេស៊ី, ប្រទេសស៊ីរី ប្រទេសលីប៊ីជាដើម។
អនុរដ្ឋលេខាធិការរូបនេះ បានបញ្ជាក់ថា ចំពោះផែនការធ្វើបដិវត្តន៍នៅកម្ពុជាយើងមិនទាន់បញ្ចប់នោះទេ គឺនៅពេលបច្ចុប្បន្ននេះ មានអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង និងបរទេសមួយចំនួនខិតខំបើកយុទ្ធនាការឃោសនាមិនឱ្យមានការបោះឆ្នោតនៅកម្ពុជា នេះមានន័យថាក្រុមនេះចង់ផ្លាស់ប្តរតាមរដ្ឋប្រហារ សង្គ្រាម និងបដិវត្តន៍ពណ៌តែម្តង ក៏ប៉ុន្តែលោកសង្ឃឹមថាប្រជាជនកម្ពុជា នឹងចូលរួមការបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
ទទ្ទឹមនឹងនេះលោក អ៊ី រតនា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យកម្ពុជា ទទួលបន្ទុកធនធានមនុស្ស បានលើកឡើងថា សូមឱ្យពលរដ្ឋ និងយុវជនខ្មែរជំនាន់ក្រោយត្រូវតែសិក្សាស្វែងយល់ឱ្យបានច្បាស់ដើម្បីមិនធ្វើឱ្យភាគីណាមួយបានកេងចំណេញផ្នែកនយោបាយផងដែរ។
លោក អ៊ី រតនា បានបន្តថា សម្រាប់សិក្ខាសាលានេះ នឹងធ្វើឱ្យពលរដ្ឋ និងយុវជនទាំងអស់បានយល់ដឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតពីគ្រោះថ្នាក់ដែលបង្កឡើងដោយសារតែបដិវត្តន៍ពណ៌ និងកាន់ស៊ីជម្រៅផងដែរ នូវហេតុផលនាំឱ្យកើតមាននូវបដិវត្តន៍ រហូតឈានទៅដល់ប្តូររំលំរាជរដ្ឋាភិបាលស្របច្បាប់ជាដើម៕