(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យ និងអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកម្ពុជា-ជប៉ុន ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានណែនាំលោកគ្រូ អ្នកគ្រូ បុគ្គលិកពេទ្យទាំងអស់ សូមចាត់ទុកអ្នកជំងឺជាឪពុកម្តាយ ជាកូនរបស់ខ្លួន ដែលគួរត្រូវតែយកចិត្តទុកដាក់មើលថែពួកគាត់ ផ្តល់កម្លាំងចិត្តដល់ពួកគាត់។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីរក្សាសន្ដិភាព និងបន្ដការអភិវឌ្ឍដែលកំពុងមាននៅពេលសព្វថ្ងៃនេះ។
ក្នុងទឹកចិត្តមេត្តា ករុណា គិតពីសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំអំណោយមួយចំនួនមាន ជូនមន្ទីរពេទ្យកម្ពុជា-ជប៉ុន ថវិកា២លានរៀល, ជូនថវិកា១លានរៀល ដល់លោកតា ឆាយមានជំងឺជាទម្ងន់កំពុងសម្រាកព្យាបាល, ជូនថវិកា២០ម៉ឺនរៀល ដល់អ្នកជំងឺជួបការលំបាក២នាក់ ក្នុងម្នាក់ៗ១០ម៉ឺនរៀល និងបុគ្គលិកពេទ្យ ប្រជាពលរដ្ឋសម្រាកពេទ្យ និងអ្នកជំងឺអស់ចំនួន៤០០សារ៉ុង។
ដោយឡែកបន្ទាប់ពីសួរសុខទុក្ខនៅមន្ទីរពេទ្យរួចមក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បន្តដំណើរចុះមើលផ្លូវក្រាលគ្រួសក្រហម១ខ្សែ និងសាលាបឋមសិក្សា សែ សិន ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាអំណោយផ្ទាល់របស់លោក។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានជួបសំណេះសំណាលប្រជាពលរដ្ឋជិត៤០០នាក់ ដោយលោកបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួម
ថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាលដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន សូមមន្តថែរក្សាសន្តិភាព និងអញ្ជើញទៅបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ខាងមុខឲ្យបានគ្រប់គ្នា។
ជាមួយវប្បធម៌ចែករំលែក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្តល់ជូន ចាក់ដីជូនសាលាបឋមសិក្សា សែ សិន ចំនួន១០០ឡាន, សាលាបឋមសិក្សា សែ សិន ផ្តល់អគារសិក្សា១ខ្នង ៥បន្ទប់, ចែកថវិកាដល់សិស្សានុសិស្ស២០០នាក់ និងប្រជាពលរដ្ឋចំនួន៣៥០នាក់ ម្នាក់ៗសារ៉ុង១៕