(ភ្នំពេញ)៖ បុរសម្នាក់ដែលវាយធ្វើបាបកូនបង្កើតរបស់ខ្លួន ហើយត្រូវបានគេថតវីដេអូបង្ហោះចែករំលែក តាមបណ្តាញទំនាក់ទំនងសង្គម Facebook ទទួលរងការរិះគន់យ៉ាងខ្លាំង ដែលត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនឃាត់ខ្លួននោះ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ស្អែកនេះ នឹងត្រូវកម្លាំងនគរបាលជំនាញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។
ការឃាត់ខ្លួនឪពុកម្នាក់នេះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងស្ថិតក្រោមការសម្របសម្រូលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ប៉ុល ពិធេយ្យ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ហ៊ិន សុផាន់ណា អាយុ៣៩ឆ្នាំ ត្រូវបានឃាត់ខ្លួននៅចំណុចផ្ទះលេខ៧៣ ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ហេង ឡិថុន ភេទប្រុស អាយុ៦ឆ្នាំ។
របាយការណ៍របស់លោកឧត្តមសេនីយ៍ឯក ប៉ុល ពិធេយ្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា បើតាមការបំភ្លឺរបស់ដើមបណ្តឹងឈ្មោះ តាំង ធីតា ភេទស្រី អាយុ៣០ឆ្នាំ ត្រូវជាម្ដាយមីងកុមាររងគ្រោះ បានរៀបរាប់ថា ឈ្មោះ ហ៊ិន សុផាន់ណា ធ្លាប់ជាប់គុកពីរលើក និងធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយឧស្សាហ៍ឈ្លោះគ្នាវាយតបគ្នា និងឧស្សាហ៍ឃើញជនដៃដល់ ប្រើអំពើហឹង្សាទៅលើកូនទាំង០៤នាក់ ក្នុងនោះកូនឈ្មោះ ហេង រិទ្ធី អាយុ១៥ឆ្នាំ និងកូនឈ្មោះ ហេង ឡឹថុង អាយុ៦ឆ្នាំ វាយច្រើនជាងគេ ដែលវាយដោយប្រើធូប ទំពក់ហាល ខោ អាវ ខ្សែក្រវ៉ាត់ ទះ ទាត់ ដាល់។
លុះព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ខ្លួនបានឃើញជនដៃដល់ ប្រើអំពើហិង្សាយ៉ាងខ្លាំងទៅលើឈ្មោះ ហេង ឡឹថុង ដោយយកជើងទាត់ក្មួយឈឺយំយ៉ាងខ្លាំង ហើយក្មួយលើកដៃសំពះអង្វរឪពុកដោយនិយាយថា «ប៉ាខ្ញុំឈប់ហើយ ប៉ាខ្ញុំលែងហ៊ានហើយ»។ ហើយខ្លួនបាននិយាយជាមួយក្មួយឈ្មោះ ហេង រិទ្ធី ថានឹងយកទូរស័ព្ទថតបង្ហោះឲ្យល្បីម្តង ប៉ុន្ដែជនដៃដល់នៅបន្តវាយ កូននឹងទំពក់ខោអាវ ទាត់មួយជើងទៀត រួចចាប់ជើងទាំងពីរលើឡើងលើ ក្បាលចុះក្រោមបម្រុងបោក។ ក្រោយមកខ្លួនឃើញក្មួយ អង្គុយទ្រោបលើក្បាលជង្គុងម្នាក់ឯងរយៈពេលជាងមួយម៉ោង។
តាមការបំភ្លឺពីកុមាររងគ្រោះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ «ម៉ាក់បានឲ្យខ្លួនទៅលក់នំ នៅមុខផ្ទះជាមួយបងប្អូន រួចខ្លួនបានកាន់លុយចំនួន២៥០០រៀល យកទៅឲ្យម៉ាក់នៅក្នុងផ្ទះ ក៏ជ្រុះលុយនៅក្បែរទូរ លក់ទូរស័ព្ទរបស់មីង ប៉ាបានឃើញលុយជ្រុះនោះ ក៏ឲ្យខ្លួនរើសយកទៅឲ្យម៉ាក់ បន្ទាប់មកប៉ាបានសួរខ្លួនថា លួចលុយអត់? ខ្លួនថាមិនលួចលុយទេ ប៉ាគាត់ស្តីជេរ និងវាយខ្លួនជាមួយ ទំពក់ខោអាវជ័រ លើខ្នង ភ្លៅ ស្មារ ជើង និងយកជើងមកទាត់ ប៉ាស្រែកថា កុំចេះតែលួច រួចចាប់ជើងខ្លួនគេទាំងពីរលើកឡើងលើ ក្បាលចុះក្រោមបំរុងនឹងបោក ពេលប៉ាវាយមកលើខ្លួន ម៉ាក់ និងយាយមិននៅផ្ទះទេ»។
បើតាមកុមាររងគ្រោះ ពីមុនមកប៉ាធ្លាប់វាយមកលើខ្លួនគេជាញឹកញាប់ គាត់ខឹងខ្លួនគេថាពូកែដើរលេង មិនសូវចូលផ្ទះ ហើយខ្លួនក៏ធ្លាប់បានឃើញប៉ាវាយបងៗ ជាញឹកញាប់ដែរ ហើយប៉ាធ្លាប់វាយម៉ាក់ និងខ្សែក្រវ៉ាតនៅក្នុងបន្ទប់។
កម្លាំងនគរបាលជំនាញ អាចសន្និដ្ឋានបានថា ជនឈ្មោះ ហ៊ិន សុផាន់ណា ភេទប្រុស អាយុ៣៩ឆ្នាំ ពិតជាបានប្រព្រឹត្តបទល្មើសធ្វើទារុណកម្ម ដោយឃោឃៅទៅលើកុមារាឈ្មោះ ហេង ឡឹថុង ដូចដែលគេបង្ហោះតាមហ្វេសបុកពិតប្រាកដមែន និងធ្វើទារុណកម្មឃោឃៅលើកុមារាឈ្មោះ ហេង រិទ្ធី ផងដែរ។ បទល្មើសនេះ មានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា២១៩។
ដោយឡែកជននេះ ក៏បានឆ្លើយសារភាពផងដែរថា ខ្លួនធ្លាប់ជាប់ឃុំចំនួន២លើក ដោយលើកទី១ ករណីពាក់ព័ន្ធអំពើប្លន់ ជាប់ពន្ធនាគារ៤ឆ្នាំ និងលើកទី២ ករណីពាក់ព័ន្ធគ្រឿងញៀន ជាប់ពន្ធនាគារ១ឆ្នាំ។
យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី១៧ ខែមិថុនាស្អែកនេះ កម្លាំងនគរបាលជំនាញ នឹងបញ្ជូនជនដៃដល់ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕