(ឧត្តរមានជ័យ)៖ បើទោះបីគណបក្សប្រជាជនកម្ពុជាបានសាងសង់សមិទ្ធផល និងគុណវុឌ្ឍិជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជាយ៉ាងណាក៏ដោយ តែសកម្មភាពដែលលនាំមកនូវភាពរីកចម្រើនសម្រាប់ជាតិ និងប្រជាជនមិនអាចនៅទ្រឹងបានឡើយ ដែលទាមទារឲ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់បង្កើនសកម្មភាពព្រមៗគ្នា ដើម្បីនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។ នេះជាសំណើរបស់លោក គន់ គីម សមាជិគគណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តឧត្តរមានជ័យថ្លែងទៅកាន់ថ្នាក់ដឹកនាំ និងគណៈពង្រឹងការងាររបស់គណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងកិច្ចសំណេះសំណាលជាមួយសមាជិក សមាជិក និងគណៈពង្រឹងការងារគណបក្សប្រជាជនកម្ពុជានៅលើទឹកដីស្រុកអន្លង់វែង ដែលជាតំបន់សមរភូមិប្រយុទ្ធដ៏ស្រួចស្រាវពីអតីតកាលនោះ លោក គន់ គីម បានលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មកដល់ពេលបច្ចុប្បន្នថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុតក្នុងការស្តារ និងអភិវឌ្ឍន៍សង្គមកម្ពុជាចេញគំនរនៃផេះផង់ មកកាន់ដំណាក់កាលថ្មីមួយដ៏ស្រស់បំព្រងគ្រប់វិស័យទាំងអស់។
លោក គន់ គីម បានលើកបង្ហាញត្រឹមតែស្រុកអន្លង់វែង ដែលរហូតដល់ចុងទសវត្សរ៍ឆ្នាំ៩០ទៅហើយនៅមានសង្គ្រាមប្រយុទ្ធគ្នាយ៉ាងស្រួចស្រាវនៅឡើយនោះ បច្ចុប្បន្នបាននឹងកំពុងប្រែមុខមាត់ថ្មីមានការរីកចម្រើន និងការអភិវឌ្ឍយ៉ាងច្រើនទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន សាលារៀនកំពុងផ្តល់ប្រយោជន៍យ៉ាងសំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បន្ទាប់ពីតំបន់នេះត្រូវបានបញ្ចប់សង្គ្រាមសង្គ្រាមទាំងស្រុងក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅចុងឆ្នាំ១៩៩៨។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បានបន្តរំលឹកសមាជិកគណបក្សប្រជាជនកម្ពុជានៅស្រុកអន្លង់វែងថា បើទោះបីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននឹងកំពុងនាំមកនូវវឌ្ឍនភាពសម្រាប់ជាតិ និងជួយឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរយ៉ាងណាក្តី តែបេសកកម្មនៃការបម្រើជាតិ បម្រើប្រជាជនត្រូវបន្តចាក់គ្រឹះក្នុងបេះដូង និងស្មារតីរបស់សមាជិកគណបក្សប្រជាជនកម្ពុជាគ្រប់រូប។
ក្នុងន័យនេះ លោក គន់ គីម ក្រើនរំលឹកដល់សមាជិក សមាជិកា គណៈពង្រឹងការងារទាំងអស់ ត្រូវបន្តសកម្មភាពចុះដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋស្វែងយល់ការលំបាក និងបញ្ហារបស់ប្រជាពលរដ្ឋ ហើយត្រូវដោះស្រាយភ្លាមៗឲ្យមានប្រសិទ្ធភាពបំផុត។
បើទោះបីជាយ៉ាងណាមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនរូបនេះ មិនភ្លេចរំលឹកដល់សមាជិករបស់ខ្លួន ត្រូវបន្តប្រឹងប្រែងបង្ហាញប្រជាពលរដ្ឋពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសកិច្ចប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុជាតិ និងប្រជាជន ដើម្បីឲ្យប្រជាជនបានជ្រូតជ្រាបកាន់តែច្បាស់ពីបេសកកម្មរបស់គណបក្សប្រជាជនដែលកំពុងដឹកនាំរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ហើយត្រូវណែនាំប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕