(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងពិធីប្រកាសទទួលស្គាល់សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម បានលើកឡើងថា យុវជនគ្រប់រូបត្រូវរួមថែរក្សានូវសុខសន្តិភាព ដែលប្រទេសជាតិ កំពុងមានការរីកចម្រើន និងអភិវឌ្ឍន៍គ្រប់វិស័យ។
លោកអភិបាលខេត្តកំពង់ចាម បានថ្លែងបន្ដថា យុវជនត្រូវខិតខំបន្តយកចំណេះដឹងរបស់ខ្លួន ទៅអប់រំណែនាំបន្តដល់ក្មេងៗជំនាន់ក្រោយ ឲ្យយល់ដឹងខ្ពស់ ក្នុងការរួមចំណែកលើវិស័យអប់រំ ហើយត្រូវពង្រឹងស្មារតី លើជំហររបស់ខ្លួនមើលឃើញនូវអ្វីដែលបានរីកចម្រើន និងអភិវឌ្ឍន៍ដូចពេលបច្ចប្បន្ននេះ។ ម្យ៉ាងទៀត យុវជនសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជានេះហើយ ជាសសរទ្រូងនៃប្រទេសជាតិ និងជាស្នូលមួយក្នុងការ អភិវឌ្ឍន៍ប្រទេសជាតិ និងមានការចូលរួម អង្កេតការណ៍ក្នុងសកម្មភាពបោះឆ្នោតប្រកបដោយតម្លាភាព និងយុត្តិធម៌ ដែលបានធ្វើជាយុវជនគំរូផងដែរ ក្នុងការការងារសង្គម មិនបង្កភាពអនាធិបតេយ្យផ្សេងៗ។
ជាមួយគ្នានេះ សមាជិក ស.ស.យ.កថ្មី នៃខេត្តកំពង់ចាម បានលើកឡើងថា ពួកគេមានការសប្បាយរីករាយ ក្នុងការចូលរួមធ្វើជាយុវជនគំរូល្អៗ និងបានផ្តល់បទពិសោធន៍ ដើម្បីចែករំលែកដល់យុវជនដ៍ទៃទៀត ឲ្យបានយល់ដឹងនូវអ្វីដែលប្រទេសជាតិ មាននឹងការអភិវឌ្ឍន៍ ដោយមិនប្រកាន់ពូជសាសន៍ឡើយ ហើយប្រសិនបើប្រទេសជាតិ មានយុវជនមានចំណេះដឹងខ្ពស់ មានធនធានមនុស្សល្អនោះ ប្រទេសនឹងមានការរីកចម្រើនបន្ថែមទៀត។
បច្ចប្បន្នប្រទេសមានការអភិវឌ្ឍន៍ មានសុខសន្តិភាព មានស្ថេរភាពនយោបាយ មានការរីកចម្រើន យុវជនមានការយល់ដឹងបានច្រើន ក្នុងចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹង នូវអ្វីដែលថ្មីៗ ដល់យុវជនទូទៅដោយកុំយកពេលឥតប្រយោជន៍ធ្វើអ្វី ដែលសង្គមស្អប់ខ្ពើម និងគ្មានការរីកចម្រើន ហើយយុវជនធ្វើការងារផ្អែកលើមូលដ្ឋាននៃកិច្ចសហការ មិត្តភាព ការផ្តល់ឱកាស មិនរើសអើង និងបម្រើផលប្រយោជន៍រួម។
បន្ថែមពីនេះ លោក គួច ចំរើន ផ្ដាំផ្ញើ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ យុវជនដែលមានសិទិ្ធចូលរួម បោះឆ្នោតជ្រើសរើសតំណាងអ្នកដឹកនាំប្រទេស ប្រកបដោយសុខសនិ្តភាព សុវត្ថិភាព ស្ថេរភាព និងមានលក្ខណៈអភិវឌ្ឍន៍រីកចម្រើន គ្រប់ផ្នែកគ្រប់វិស័យទាំងអស់ ដូចនាពេលសព្វថ្ងៃនេះ៕