(បាត់ដំបង)៖ លោក អង្គ វង្ស វឌ្ឍានា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឫស្សី នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានកែលម្អផ្លូវក្រាលកៅស៊ូ DBST ប្រវែង២,៦០០ ម៉ែត្រ ឆ្លងកាត់ឃុំគារ និងឃុំរបស់មង្គលចំណាយថវិកា អស់ប្រមាណ៦០០លានរៀល។
បើតាមលោក អង្គ វង្ស វឌ្ឍានា ផ្លូវនេះជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ឃុំទាំងពីរនេះ ក៏ដូចជាស្រុកមោងឫស្សីទាំងមូល សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកកសិផលមកកាន់ទីផ្សារ និងផ្លូវជាតិ។
បន្ទាប់មកទៀត នៅថ្ងៃដដែលនេះ លោក អង្គ វង្ស វឌ្ឍានា ក៏បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសាលាបឋមសិក្សា១ខ្នង មាន៣បន្ទប់ នៅក្នុងវត្តអម្ពិលថ្កើង ក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ដែលបានចំណាយថវិកាផ្ទាល់របស់លោក ប្រមាណ៤ម៉ឺនដុល្លារ។
សាលាបឋមសិក្សានេះ ត្រូវបានកសាងទ្បើងឆ្លើយតបសំណូមពររបស់អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាការចូលរូមចំណែក ក្នុងការលើកកម្ពស់វិស័យអប់រំ សិក្សាធិការ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកមោងឫស្សី ខេត្តបាត់ដំបង បានបង្ហាញ និងសម្ដែងនូវការសប្បាយរីករាយយ៉ាងខ្លាំង ដោយនៅក្នុងថ្ងៃតែមួយ ពួកគាត់ទទួលបាននូវសមិទ្ធផលថ្មីចំនួន២ ពីថ្នាក់ដឹកនាំ៕