(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ពិនិត្យ និងរៀបចំឯកសារឲ្យបានត្រឹមត្រូវ ដើម្បីចូលរួម បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ទាំងអស់គ្នា។
ការអំពាវនាវបែបនេះ របស់លោកអភិបាលខេត្តកំពង់ចាម ធ្វើឡើងនៅក្នុងកម្មវិធីបញ្ចុះបឋមសីលា សាងសង់ផ្សារត្រើង នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បើតាមលោក គួច ចំរើន ចំពោះប្រជាពលរដ្ឋដែលបាត់ ឬខូច ពិសេសអត្តសញ្ញាណប័ណ្ណ ត្រូវរួសរាន់ទៅទំនាក់ទំនង ជាមួយអាជ្ញាធរដើម្បីសុំលិខិតបញ្ជាក់ អត្តសញ្ញាណបានគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួនទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
លោកអភិបាលខេត្ត ក៏បានថ្លែងសំណេះសំណាល និងរំលឹកពីអតីតកាលជូរចត់ផងដែរ ដែលជាព្រឹត្តិកាលដែលប្រជាពលរដ្ឋ បានឆ្លងកាត់កន្លងមក ដែលអ្នកនយោបាយជ្រុលនិយម បានធ្វើរដ្ឋប្រហារដណ្តើមអំណាចក្នុងអំឡុងឆ្នាំ១៩៧០ ក្នុងសម័យសង្គមរាស្ត្រនិយម ដែលចាប់ពីពេលនោះមក បានបង្កឲ្យប្រទេសកម្ពុជា កើតមានសង្គ្រាមយ៉ាងសន្ធោសន្ធៅពេញទូទាំងផ្ទៃប្រទេស។
លុះរហូតមកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ការដឹកនាំក៏ធ្លាក់ចូលទៅរបប ប៉ុល ពត ដែលដណ្តើមឈ្នះដោយសារសង្គ្រាម ហើយក៏បន្តដឹកនាំ សាងវិនាសកម្មយ៉ាងខ្លោចផ្សាកាប់ប្រហារប្រជាពលរដ្ឋ ប្រល័យពូជសាសន៍ ដោយសារតែសកម្មភាពដឹកនាំ យ៉ាងនោះហើ ទើបបន្ទាប់មកថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល ចាប់ផ្តើមធ្វើសង្គ្រាមផ្តួលរំលំរបបប្រល័យពូជសាសន៍នោះ ទទួលបានជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបន្តដឹកនាំរហូតមកដល់សព្វថ្ងៃនេះ។
អភិបាលខេត្តកំពង់ចាម បានថ្លែងទៀតថា ជ័យជំនះដោយសារសង្គ្រាម ពិតណាស់គឺមានការបាត់បង់អាយុជីវិតប្រជាពលរដ្ឋ និងបាត់បង់ជីវិត កងកម្លាំង ក៏ដូចជាខូចខាតទ្រព្យសម្បត្តិ។ល។ ហេតុដូច្នេះ ទើបកម្ពុជាបានធ្វើកំណែទម្រង់ ដូចប្រទេសនានា ក៏ដូចជាបណ្តាពិភពលោកផងដែរ គឺដណ្តើមអំណាច ដោយធ្វើការបោះឆ្នោតបែបលិទ្ធិប្រជាធិបតេយ្យនេះ ហើយមានតែការដណ្តើមអំណាច ដោយការបោះឆ្នោតទេ ដែលជាការប្រសើរជាងការដណ្តើមអំណាច ដោយសង្គ្រាម ឬការដណ្តើមអំណាចដោយការធ្វើរដ្ឋប្រហារ ឬបដិវត្តន៍ពណ៌៕