(បាត់ដំបង)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ ៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានរៀបចំពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ផ្លូវការ អគារស្នាក់ការ ស.ស.យ.ក ស្រុកបាណន់ ក្រោមអធិបតីភាព លោក ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី អនុប្រធាន ស.ស.យ.ក ខេត្ត , លោកមេបញ្ជាការរងអធិការរង, ប្រធានការិយាល័យជុំវិញស្រុក និងសមាជិក ស.ស.យ.ក ស្រុក សរុប២១០នាក់។ អគារនេះ មានទំហំ ២០ គុណ ៧.៥ ម៉ែត្រ និងមានបំពាក់គ្រឿងសង្ហារឹម និងគ្រឿងបរិក្ខា សរុបទឹកប្រាក់ ២,៣៨៥ ដុល្លារ និងចំណាយ ក្នុងកម្មវិធីសម្ភោធអស់ថវិកា ២៥,១៧៣ ដុល្លារ។
ជាមួយគ្នានោះ ក៏មានកម្មវិធីពិសារអាហារសាមគ្គី និងមានកិត្តយស នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ស្រុកបាណន់ និងជាប្រធានក្រុមការងារគាំទ្រឧបត្ថម្ភយុវជន ខេត្តបាត់ដំបង អញ្ជើញចូលជួបសំណេះសំណាល នាពេលនោះផងដែរ៕