(រតនគិរី)៖ អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី សម្រេចចិត្តមកសុំរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយបានឃើញយ៉ាងច្បាស់នូវទង្វើក្បត់ជាតិដ៏ធ្ងន់ធ្ងរ ដែលមិនអាចអត់ឱនឲ្យបាន។
ជាក់ស្ដែងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ថង សាវុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធាន គណៈកម្មាធិការ គណបក្សប្រជាជនខេត្តរតនគិរី អញ្ជើញប្រកាសទទួលស្គាល់ និងសំណេះសំណាលសមាជិកថ្មី ចំនួន៦២១នាក់ នៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូយ៉ាដាវ។
សូមជម្រាបថា ឃុំសោមធំនេះ គឺជាអតីតឃុំដែលមានសមាជិកគណបក្សសង្គ្រោះជាតិស្ទើរទាំងស្រុង តែពេលនេះសមាជិក សមាជិកាទាំងនោះបានភ្ញាក់រលឹក ស្ម័គ្រចិត្តមកចូលរួមរស់ជាមួយគណបក្សប្រជាជន ព្រោះពួកគាត់បានយល់ឃើញថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ទើបអាចអភិវឌ្ឍភូមិ ឃុំរបស់ពួកគាត់បាន។
ថ្លែងក្នុងឱកាសនោះ លោក ថង សាវុន បានសំដែងនូវការស្វាគមន៍ ចំពោះវត្តមានអតីតសមាជិគគណបក្សប្រឆាំង ដែលបានគិតត្រូវសម្រេចចិត្តត្រូវ វិលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ បន្ទាប់ពីបានដើរខុសមួយរយៈដោយសារការចាញ់បោកការឃោសនាបោកប្រាស់៕