(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ និងលោកស្រី អ៊ុក ម៉ាលី អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះពង្រឹងសមត្ថភាពការងារ និងដាក់ផែនការយុទ្ធសាស្ដ្រ ដល់សមាជិកសមាជិកា នៃគណៈកម្មាធិការបក្សស្រុក ឃុំ និងសាខាគណបក្សភូមិរបស់ស្រុកជើងព្រៃ ដើម្បីឈានទៅទទួលជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ក្នុងប្រជុំនោះ លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងថា «យើងជាមន្ដ្រីមូលដ្ឋានបក្សភូមិឃុំ ត្រូវបំពេញមុខងារ និងតួនាទីឲ្យបានច្បាស់លាស់ត្រឹមត្រូវ មានភាពស្មោះត្រង់ បំពេញកាតព្វកិច្ចក្នុងបក្សឲ្យបានល្អ ដើម្បីក្ដោបជុំនូវការងារ ក្នុងការបម្រើសុខទុក្ខរបស់ប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស និងគ្រប់ៗគ្នាទៅតាមតំរូវការជាក់ស្ដែង ហើយយើងត្រូវចាត់ទុកថា បើបងប្អូនប្រជាពលរដ្ឋយើងមានការលំបាក យើងត្រូវជួយដោះស្រាយ ដូចក្នុងគ្រួសារតែមួយ» ។
លោកបណ្ឌិតបន្ដថា គ្រប់មន្ដ្រីមូលដ្ឋានភូមិ ឃុំ ត្រូវជំរុញក្រុមការងារខ្លួន និងត្រូវបង្កើនចលនាទទូចដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ឲ្យទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខឲ្យបានគ្រប់គ្នាៗ និងបោះឆ្នោតជូនគណបក្សប្រជានកម្ពុជា ដែលមានលេខរៀងទី២០ គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅអាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត ដើម្បីសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសជាតិ ។
តំណាងរាស្ដ្ររូបនេះ បានបន្តទៀតថា ជាងច្រើនឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេស ការពារប្រទេស កសាងប្រទេសជាតិឡើងវិញពីលេខសូន្យ មកជាប្រទេសដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមនយោបាយ ឈ្នះ-ឈ្នះ បានធ្វើឲ្យអង្គការចាត់តាំងរបស់ ខ្មែក្រហមត្រូវរលំរលាយទាំងស្រុង។ ទោះបីគណបក្សប្រជាជនកម្ពុជា បានសាងគុណសម្បត្តិច្រើនឥតគណនា សម្រាប់ជាតិមាតុភូមិ ពិសេសការកសាងបានសន្តិភាព សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសយ៉ាងណាក្តី តែទំនួលខុសត្រូវ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ត្រូវតែបន្តជាប់ជាប្រចាំមិនអាចខកខានបាន ក្នុងមួយវិនាទីណាមួយនោះឡើយ ។
ទន្ទឹមនឹងនោះ លោកស្រី អ៊ុក ម៉ាលី ក៏បានថ្លែងណែនាំ ដល់សមាជិកបក្សទាំងអស់ថា «យើងខ្ញុំសប្បាយរីករាយយ៉ាងខ្លាំង ពេលដែលក្រុមគ្រួសារបក្សយើងបានរួមគ្នាសាមគ្គី ទាំងសមាជិកចាស់ និងកម្លាំងថ្មី រួមគ្នាបំពេញកិច្ចការ ទៅតាមតួនាទីដើម្បីបម្រើបក្ស និងប្រជាពលរដ្ឋយើង ពិសេសភាពស្មោះត្រង់ យើងពិតជាទទួលបានផលល្អ ជូនជាតិមាតុភូមិយើង នូវភាពសុខសាន្ដ ពោរពេញដោយសន្ដិភាព និងការអភិវឌ្ឍ នៅថ្ងៃខាងមុខជាបន្ដទៀត បន្ទាប់ពីទទួលបានជោគជ័យក្នុងការបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ » ។
លោកស្រីបន្ដថា ដូច្នេះ ថ្នាក់ដឹកនាំបក្សទាំងអស់ បន្តពន្យល់ដល់ប្រជាពលរដ្ឋ ពីសារៈសំខាន់នៃការបោះឆ្នោត និងណែនាំឲ្យពួកគាត់ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ អាណត្តិទី៦ ឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ៕