(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គីមឡុង នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ចប់ការសួរនាំ ជនដែលបង្ហោះសារប្រមាថព្រះមហាក្សត្រហើយ ប៉ុន្ដែមិនទាន់សម្រេចចោទប្រកាន់នៅឡើយទេ ដោយបញ្ជូនខ្លូនទៅឃុំជាបណ្ដោះអាសន្ន នៅក្រសួងមហាផ្ទៃវិញសិន។ នេះបើតាមមន្ដ្រីតុលាការ ប្រាប់អង្គភាព Fresh News នៅមុននេះបន្ដិច នាល្ងាចថ្ងៃនេះ។
សូមជម្រាបថា ជនដែលបង្ហោះសារប្រមាថលើព្រះមហាក្សត្រ តាមបណ្ដាញសង្គម Facebook ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបាន នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នេះបើតាមមន្ដ្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច នាយប់ថ្ងៃនេះ។
ប្រតិបត្តិការតាមជនដែលប្រមាថលើអង្គព្រះមហាក្សត្រនេះ ត្រូវបានឡើងដោយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ស្នងការដ្ឋានខេត្តត្បូងឃ្មុំ និងស្នងការដ្ឋានខេត្តស្វាយរៀង ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការនគរបាលជាតិស្ដីទី។
បុគ្គលដែលបង្ហោះសារប្រមាថលើព្រះមហាក្សត្រនេះ ប្រើប្រាស់គណនី Facebook ឈ្មោះ «អៀង ជលសា» បានបង្ហោះសារ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។
បើតាមមន្ដ្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បុគ្គលខាងលើនេះ ធ្លាប់ទៅធ្វើការ និងរកស៊ីនៅក្រុងសួង ខេត្តត្បូងឃ្មុំ ហើយក៏ធ្លាប់ជាប់ពន្ធនាគារនៅខេត្តបាត់ដំបង កាលពីពេលកន្លងទៅផងដែរ ក្រោយប្រព្រឹត្តបទល្មើស។
មន្ដ្រីនគរបាលដដែលរូបនេះ បានឲ្យដឹងថា មុនឈានដល់ការចាប់ខ្លួន កម្លាំងនគរបាលជំនាញបានស្រាវជ្រាវតាមរយៈរូបថតមួយ ដែលថតនៅមុខសាលាស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយកម្លាំងក៏បានសហការគ្នារវាងកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ តាមចាប់បាននៅល្ងាចថ្ងៃនេះ។ ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅសួរនាំ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕