(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំអូរតាគី និងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង លោក សួស អង្គារ៍ បានប្រាប់ទៅគ្រួសារបក្សមកពីភូមិត្រាង និងភូមិព្រៃដាច់ ឃុំអូរតាគីជិត៤០០នាក់ថា សូមឲ្យពលរដ្ឋទាំងអស់ទៅបោះឆ្នោតបានគ្រប់ៗគ្នា ខណៈប្រជាពលរដ្ឋទាំងអស់ ក៏បានប្តេជ្ញាចិត្តបោះឆ្នោត ជូនបក្សប្រជាជន ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំកាន់តែរីកចំរើនបន្តទៀត។
នេះជាការឡើង ក្នុងពិធីអញ្ជើញសំណេះសំណាលជាមួយគ្រួសារបក្ស ចំនួន៣៩៦គ្រួសារ មកពីភូមិត្រាង និងភូមិព្រៃដាច់ឃុំអូរតាគី នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តត្រាងឃុំអូរតាគី ស្រុកថ្មគោល ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានបក្សស្រុក បក្សឃុំ សាខាបក្សភូមិ និងគ្រួសារបក្សចូលរួមចំនួនជិត៤០០នាក់។
លោក សួស អង្គារ៍ បានឲ្យដឹងថា ដោយសារគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចសម្តេចពញាចក្រី ហេង សំរិន, សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ន ដែលមានស្នាដៃដ៏ធំធេងបំផុតចំពោះ ប្រទេសជាតិ និងប្រជាពលរដ្ឋយើង បានរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីការកាប់សម្លាប់ជាតិឯង និងបានរស់រានមានជីវិតនៅថ្ងៃ៧មករាឆ្នាំ១៩៧៩ កន្លងមក ដោយបានប្រឹងប្រែងកសាង ការពារ និងអភិវឌ្ឍន៍ជាតិរហូតដល់សព្វថ្ងៃ។
លោកប្រធានក្រុមការងារបានបញ្ជាក់ថា យើងក៏បានឃើញជាក់ស្តែងទាំងអស់គ្នាហើយថា មានសមិទ្ធិផលជាច្រើនសន្ធឹកសន្ធាប់ដែលជាស្នាដៃរបស់គណបក្ស CPP បានកសាង អភិវឌ្ឍន៍ជូនជាតិ ជូនប្រជាពលរដ្ឋ តាំងពីបាតដៃទទេ រហូតបានរីកចំរើនដល់ពេលនេះ បានន័យថា បក្សCPP គឺជាអ្នកនិយាយតិច តែបានធ្វើការងារជាច្រើនសម្រាប់ជាតិ មិនដូចជនអគតិមួយចំនួនបាននិយាយដើរកុហក់បោកប្រាស់ប្រជាពលរដ្ឋជាច្រើន ហើយមិនដែលបានធ្វើអ្វីសោះសម្រាប់ប្រយោជន៍ជាតិនិងប្រជាពលរដ្ឋយើងម្តងណាសោះឡើយ។
លោកប្រធានបានបន្តថា «មិនត្រឹមតែប៉ុណ្ណោះបក្ស CPP បានស្វែងរកសន្តិភាព ការពារសន្តិភាពពិតប្រាកដ បានបង្រួបបង្រួមជាតិក្នុងគោលនយោបាយឈ្នះឈ្នះរួបរួមគ្នាខ្មែរក្រោមដំបូលតែមួយ ដោយមិនឲ្យមានសង្រ្គាមតាមរយៈបដិវត្តន៍ពណ៌ មាននៅកម្ពុជាជាដាច់ខាត។ ចំណែកពួកអគតិប្រឆាំងផ្កាប់មុខនោះបានធ្វើអ្វីខ្លះជូនជាតិ? សម្រាប់ជូនប្រប្រជាពលរដ្ឋយើងមានអ្វីខ្លះ ? ក្រៅពីការញុះញង់ឲ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាល បំផ្លិចបំផ្លាញសន្តិភាព ចង់ផ្តួលរាជរដ្ឋាភិបាលកម្ពុជា ដោយបានឃុបឃិតជាមួយបរទេសក្បត់ជាតិ និងប្រជាពលរដ្ឋខ្លួនឯងប៉ុណ្ណោះ»។
លោកប្រធាន បានអំពាវនាថា «សូមបងប្អូនប្រជាពលរដ្ឋ ពិសេសសមាជិកបក្សប្រជាជន នៅមូលដ្ឋានយើង បន្តគាំទ្របោះឆ្នោតជូនបក្សប្រជាជន ដែលថ្នាក់ដឹកនាំកំពូលធ្លាប់មានប្រសាសន៍ថា លេខរៀងទី២០ នៅខាងក្រោមគេនៅខាងស្តាំដៃមានរូបសញ្ញា ទេវតាបាចផ្កា មានន័យល្អណាស់ គឺស្រួលគិត ស្រួលចាំ ស្រួលគូស នៅប្រអប់លេខរៀងទី២០ គឺតំណាងឲ្យខួប២០ឆ្នាំ គោលនយោបាយឈ្នះឈ្នះ បញ្ចប់សង្រ្គាមទាំងស្រុងរបស់ប្រទេសជាតិ»។
ដើម្បីទទួលបានជ័យជំនះនៅថ្ងៃបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ ខាងមុខនេះ សូមបងប្អូនអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ទើបបានផ្តល់ឱកាសជូនសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេស កសាង និងអភិវឌ្ឍន៍ជាតិកាន់តែរីកចំរើនបន្ថែមទៀត ។
លោកប្រធានក្រុមការងារបានបញ្ជាក់ទៀតថា «ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សCPP និងប្រជាពលរដ្ឋយើងនាំគ្នាថែរក្សាសន្តិភាពទាំងអស់គ្នា បើចង់បានសន្តិភាព គឺយើងត្រូវបោះឆ្នោតជូនបក្សCPP ទើបមានសន្តិភាពពិតប្រាកដឲ្យបានគង់វង្សយូរអង្វែង ដើម្បីបន្តអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋយើងមានការរីកចំរើនតទៅ ត្រូវប្រឆាំងនិងទប់ស្កាត់មិនឲ្យមានសង្រ្គាម ទោះក្នុងរូបភាពណាមិនឲ្យមាននៅកម្ពុជាជាដាច់ខាត ព្រមទាំងប្តេជ្ញាចិត្តទាំងអស់គ្នាថា ពួកគាត់បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីកសាង អភិវឌ្ឍន៍ជាតិ គឺមិនអាចចាញ់បោកពួកបក្សប្រឆាំង ដែលមកស្រែកឃោសនាភូតកុហក់ដល់ប្រជាពលរដ្ឋនោះទៀតបានឡើយ»។
ក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារ បានជូនថវិកាកំដរដៃអ្នកចូលរួមទាំងអស់១គ្រួសារ ១ម៉ឺនរៀល និងប៊ីចេងម្នាក់ៗ បាន១ថង់ស្មើនឹងកន្លះគីឡូក្រាមផងដែរ៕