Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលអន្ដោប្រវេសន៍ ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា និងវៀតណាម សរុប៣៦នាក់ ដែលចូលមកស្នាក់នៅដោយខុសច្បាប់ ក្នុងខណ្ឌមានជ័យ

16-06-2018 16:51

(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា និងជនជាតិវៀតណាម សរុប៣៦នាក់។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានឲ្យដឹងថា ប្រតិបត្តិការនេះ សហការជាមួយការិយាល័យអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងតំណាងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

បើតាមលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានបញ្ជាក់ថា កម្លាំងជំនាញបានចុះត្រួតពិនិត្យជនបរទេស ដែលជួលផ្ទះ បន្ទប់ស្នាក់នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងនោះបានឃាត់ ជនបរទេសចំនួន៣៦នាក់ មាន០២សញ្ជាតិ រួមមាន ជនជាតិនីហ្សេរីយ៉ា ចំនួន៣៥នាក់ និងវៀតណាមម្នាក់។

ក្រោយឃាត់ខ្លួនជនជាតិបរទេសទាំងអស់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕