(កណ្ដាល)៖ លោក កៅ ថាច ប្រធានក្រុមការងារចលនាយុវជនកម្ពុជា ស្រុកល្វាឯម, លោក ភីម ភារ៉ា ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកល្វាឯម និងសហការី នាល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួម កម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ ជូនដល់យុវជនក្នុងឃុំបារុង នៃស្រុកល្វាឯម សរុបប្រមាណ១១០រូប។
តាមរយៈបទអន្តរាគមន៍របស់លោក កៅ ថាច ជូនដល់បងប្អូនៗ យុវជនឲ្យបានជ្រាប និងយល់ដឹងអំពី ៖
១៖ ប្រវត្តិជូរចត់ក្នុងសម័យសង្គ្រាម ដែលប្រទេសកម្ពុជាឆ្លងកាត់ជាពិសេស ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ឬសម័យខ្មែរក្រហម ដែលប្រជាជនត្រូវបានកាប់សំលាប់ និងបង្អត់បាយទឹក។ បើពុំមានថ្ងៃ៧មករា បើពុំមានគណបក្យប្រជាជន កម្ពុជាក៏មិនបានដូចថ្ងៃនេះដែរ។
២៖ ការអនុវត្តនយោបាយឈ្នះៗ របស់គណបក្យប្រជាជនបានប្តូរមកវិញ នូវសន្តិភាពទូទាំងប្រទេស។
៣៖ សភាពការណ៍នយោបាយក្រៅប្រទេស ជាពិសេសអំពីបដិវដ្តពណ៍ ដែលជាការកកូរកកាយពីបណ្តាប្រទេសមហាអំណាច។ ឧទាហរណ៍ វិបត្តិនៅស៊េរី ប្រទេសលីប៊ី ជាដើម គឺជាលទ្ធផលមកពីការធ្វើបដិវត្តន៍ពណ៌ ដែលមានមហាអំណាចនៅពីក្រោយ។ ក្នុងនោះ ប្រទេសកម្ពុជា ក៏ជាជនរងគ្រោះអំពីសកម្មភាព និងការជ្រែតជ្រែកពីប្រទេសទាំងនោះផងដែរ ប៉ុន្តែដោយការវៃឆ្លាតរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជន ទើបយើងរក្សាប្រៀបឈ្នះ និងវៃបកបានទាន់ពេលវេលា។
៤៖ អំពីការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា៖ មានការចោទថាប្រទេសកម្ពុជា អនុវត្តរបបនយោបាយកម្មុយនីស បំបិទសិទ្ធិសេរីភាព រឹតត្បិតសិទ្ធិបញ្ជេញមតិ សារព័ត៌មានជាដើម។ លោក កៅ ថាច បានឆ្លើយជូនបងប្អូន យុវជនថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្យប្រជាជនកម្ពុជា បានអនុវត្តន៍យ៉ាងទូលំទូលាយ និងអនុវត្តលទ្ធិប្រជាធិបតេយ្យយ៉ាងពេញលេញ។ ក្នុងនោះ ការលើកកំពស់សិទ្ធិបញ្ជេញមតិ សេរីភាពសារព័ត៌មាន ត្រូវបានលើកកំពស់មិនដូចការលើកឡើងពីក្រុមប្រឆាំងឡើយ។
៥៖ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាតិ ជាបន្តបន្ទាប់ ដែលបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កំណើនវិនិយោគពីបរទេស ការអនុវត្តនយោបាយការបរទេស ជាដើម -ល- បានធ្វើឲ្យប្រទេសកម្ពុជាមានភាពស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ ដោយឡែកការរក្សាបាននូវ សមធម៌ប្រជាជន រក្សាស្ថិរភាពនយោបាយ រក្សាសន្តិភាពទូទាំងប្រទេស គឺជាគោលនយោបាយដ៏ត្រឹមត្រូវ ដែលបានមកពីការដឹកនាំ របស់គណបក្សប្រជាជនដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
៦៖ យុវជនគណបក្យប្រជាជនកម្ពុជា ជាយុវជនបន្តវេន ត្រូវមានភាពស្មោះត្រង់ជាមួយគណបក្ស និងខិតខំចូលរួមបន្តធ្វើការងារបក្ស ឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយកសាងពង្រីកសមាជិកបក្សឲ្យបានច្រើន។ ក្នុងនោះ ការបន្តចុះតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីលើកទឹកចិត្ត និងស្នើសុំបងប្អូនប្រជាជនចូលរួមទៅបោះឆ្នោតទាំងអស់គ្នា។ ដោយឡែកការប្រើប្រាស់ពាក្យសម្តី ត្រូវប្រើប្រាស់ដោយសុភាពរាបសារ ហើយត្រូវយកចំណេះដឹង ដែលខ្លួនបានរៀនសូត្រពីវគ្គបណ្តុះបណ្តាលកន្លងមក ទៅពន្យល់ និងវៃបកទៅក្រុមអគតិមកលើបក្សប្រជាជន។
៧៖ រដូវបោះឆ្នោតតំណាងរាស្ត្រខិតជិតមកដល់ លោក កៅ ថាច ស្នើសុំបងប្អូនយុវជនត្រូវទៅចូលរួមបោះឆ្នោតទាំងអស់គ្នា និងចូលរួមជួយផ្សព្វផ្សាយពីវត្ថុបំណង អំពើល្អ និងគោលដៅរបស់គណបក្ស ជាពិសេស គោលនយោបាយអភិវឌ្ឍន៍ភូមិ ឃុំ និងជួយគៀងគរ ឲ្យបងប្អូនប្រជាពលរដ្ឋជួយគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន ឲ្យបានគ្រប់ៗគ្នា។
លោក កៅ ថាច បានឧបត្ថម្ភថវិកាជូនបងប្អូនយុវជន៩៩នាក់ ក្នុងម្នាក់ចំនួន ២០០០០រៀល និងផ្តាំផ្ញើដល់បងប្អូនយុវជន ត្រូវចូលរួមបន្តរក្សា ស្ថិរភាព និងការអភិវឌ្ឍជាតិ ជាមួយគណបក្សប្រជាជន ជាពិសេសត្រូវទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕