(ភ្នំពេញ)៖ នៅម៉ោង៤៖១០នាទី រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានបញ្ចប់ បេសកកម្មការងារដើម្បីជាតិ និងប្រជាជន អស់រយៈពេលពីរថ្ងៃ នៅទីក្រុងបាងកក ប្រទេសថៃ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ទៅចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃកាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ។
កិច្ចប្រជុំកំពូល ACMECS និង CLMV បានចាប់ផ្តើមនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ។ ជាលទ្ធផលនៃកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ គឺទទួលបាននូវភាពជោគជ័យ និងគួរជាទីមោទនៈសម្រាប់កម្ពុជា និងប្រទេសក្នុងតំបន់អាស៊ាន។
កិច្ចប្រជុំកំពូល ACMECS ថ្នាក់ដឹកនាំប្រទេសជាសមាជិកទាំង៥ កម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា បានពិភាក្សាគ្នាពីយុទ្ធសាស្រ្តពង្រឹងសមត្ថភាព ដើម្បីជំរុញកំណើន សេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លានៅតាមបណ្តោយព្រំដែន បង្រួមគម្លាតការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាចូលរួមពង្រឹងសន្តិភាព ស្ថិរភាព និងសមាហរណកម្មអាស៊ានទាំងមូល។ ជាមួយគ្នានោះ ឯកសារសំខាន់ចំនួនបីក៏ត្រូវបានអនុម័តនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ រួមមាន៖ ១. បញ្ជីគម្រោងអាទិភាព, ២. ផែនការមេ ACMECS ២០១៩-២០២៣ និង ៣. សេចក្តីថ្លែងការណ៍ទីក្រុងបាងកក។
ចំពោះកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ ដែលសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានដឹកនាំប្រជុំនោះ ក៏ទទួលបានលទ្ធផលល្អប្រសើរផងដែរ ដែលក្នុងនោះថ្នាក់ដឹកបានពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ CLMV នាបណ្តាឆ្នាំកន្លងមក ហើយបានពិភាក្សារិះរកវិធីយ៉ាងណា ដើម្បីបន្តប្រើប្រាស់ សក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសសមាជិក និងលើកកម្ពស់កិច្ចសហប្រតិបតិ្តការលើវិស័យអាទិភាព សំដៅសម្រេចឲ្យបាននូវការការអភិវឌ្ឍប្រកបដោយចីរភាព និងមានការចូលរួម ពីគ្រប់មជ្ឈដ្ឋាននៅក្នុងតំបន់ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងទំនាក់ទំនងរវាង ប្រជាជន និងប្រជាជន ដែលជាការរួមវិភាគទានដល់ការកសាងសហគមន៍អាស៊ាន។
ជាការកត់សម្គាល់ក្នុងដំណើរទៅកាន់ទីក្រុងបាងកកនាពេលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ ដោយបានពិភាក្សាលើការងារជាច្រើនពាក់ព័ន្ធការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំង។ មេដឹកនាំនៃប្រទេសភូមិផងទាំងពីរ ក៏បានពិភាក្សាផងដែរ ទៅលើការពន្លឿននីតិវិធីបើកច្រើទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវដែក។
សម្តេចតេជោ ហ៊ុន សែន ក៏បានជួបពិភាក្សាការងារទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីឡាវ និងនាយករដ្ឋមន្ត្រីវៀតណាមផងដែរ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយគ្នា ឲ្យបានកាន់តែល្អប្រសើរថែមទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឲ្យលោក ឆាវ៉ាលីត យ៉ុងឆៃយុទ្ធ អតីតនាយករដ្ឋមន្រ្តីថៃ និងក្រុមគ្រូសារចូលជួបសំណេះសំណាល និងសំដែងការគួរសម។ ក្នុងជំនួបពិភាក្សានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងអតីតនាយករដ្ឋមន្រ្តីថៃ ឆាវ៉ាលីត យ៉ុងឆៃយុទ្ធ បានសម្តែងភាពស្និទ្ធស្នាល និងរ៉ាក់ទាក់ ដូចបងប្អូន ព្រោះថ្នាក់ដឹកនាំទាំងពីរ គឺសម្តេចតេជោនាយករដ្ឋមន្រ្តី និងលោក ឆាវ៉ាលីត យ៉ុងឆៃយុទ្ធ ធ្លាប់បានធ្វើទំនាក់ទំនង និងស្គាល់រាប់អានគ្នារយៈពេលជាង ៣០ឆ្នាំ ក្នុងអំឡុងពេលដែលលោក ឆាវ៉ាលីត យ៉ុងឆៃយុទ្ធ ជាមេទ័ពជើងគោកថៃក្នុងទសវត្សរ៍៨០ និងសម្តេចតេជោនាយករដ្ឋមន្រ្តី ជានាយករដ្ឋមន្រ្តីនៃអតីតរដ្ឋកម្ពុជា។
ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានសំដែងការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះតួនាទីយ៉ាងសកម្មរបស់លោក ឆាវ៉ាលីត យ៉ុងឆៃយុទ្ធ ដែលបានរួមចំណែកដល់ ដំណើរការផ្សះផ្សារបង្រួបបង្រួមជាតិ ដំណើរការសន្តិភាព រហូតទទួលបានកិច្ចព្រៀនព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។
ក្នុងដំណើរទៅកាន់ទីក្រុងបាងកកនេះ កាលពីថ្ងៃទី១៥ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលរួមវេទិកានាយកប្រតិបត្តិ ACMECS ផងដែរ។ ក្នុងវិទិកានោះសម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញអ្នកវិនិយោគធំៗពីសក្តានុពលវិនិយោគនៅកម្ពុជា រួមនិងការដាក់ចេញវិធានការអាទិភាពមួយចំនួនទៀត ដើម្បីជំរុញការវិនិយោគនៅកម្ពុជា។
សម្តេចតេជោ បានថ្លែងថា កម្ពុជាកំពុងអនុវត្តន៍នូវវិធានការមុតស្រួចប្រកបដោយភាពជាក់ស្តែង និងប្រាកដនិយមចំនួន៥ ជំរុញសន្ទុះនៃការវិនិយោគនៅកម្ពុជានេះ ដែលវិធានការទាំង៥នោះរួមមាន៖
១៖ រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការសម្រួលពាណិជ្ជកម្មដោយរៀបចំដាក់ឲ្យអនុវត្តនូវបញ្ជរចេញ-ចូលតែមួយ ធ្វើសាមញ្ញកម្ម និងស្វ័យប្រវត្តិកម្មនិតិវិធីគយ ទាំងលើការកំណត់ថ្លៃ និងការបញ្ចេញទំនិញ កាត់បន្ថយនូវថ្លៃសេវា ទាំងផ្លូវការ និងមិនផ្លូវការនានា ព្រមទាំងសិក្សាធ្វើការកែសម្រួលនូវស្ថាប័ន តាមមាត់ច្រកទា្វអន្តរជាតិ និងកំពង់ផែអន្តរជាតិ ដើម្បីសម្រួល និងពន្លឿនដល់ការនាំចេញ-នាំចូល។
២៖ នៅលើការតភ្ជាប់ផ្នែកទន់រាជរដ្ឋាភិបាលកំពុងរៀបចំផែនការមេស្តីពីវិស័យឡូជីស្ទីករួមទាំងការតភ្ជាប់ផ្នែកឌីជីថល (Digital) ផងដោយដាក់ចេញជាយុទ្ធសាស្ត្រ សម្រាប់ជំរុញអនុវត្ត នៅក្នុងរយៈពេលមធ្យមខាងមុខ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកំពុងក៏សាងបន្ថែមនិងកែលម្អកំពង់ផែសមុទ្រនៅក្រុងព្រះសីហនុឲ្យមានជម្រៅទឹករហូតដល់ ១៤ម៉ែត្រ ដែលអាចទទួលបាន នូវនាវាទឹកទំនិញធំៗ ទន្ទឹមនឹងការកសាងផ្លូវល្បឿនលឿន (Expressway) ពីភ្នំពេញទៅកំពង់ផែអន្តរជាតិនេះ ដើម្បីសម្រូលដល់ការដឹកជញ្ជូនទំនិញនានា ទៅកំពង់ផែសមុទ្រទឹកជ្រៅ ដោយប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន(PPP)។ ការកសាងទាំងនេះ នឹងសម្រេចរួចរាល់ក្នុងពេលឆាប់ៗខាងមុខ។
៣៖ ពាក់ព័ន្ធនឹងថ្លៃអគ្គិសនី ដោយសារតម្លៃអគ្គិសនីនៅកម្ពុជាមានកម្រិតខ្ពស់ជាងថ្លៃអគ្គិសនីនៅក្នុងប្រទេសមួយចំនួនដែលជាសមាជិក ACMECS ដែលជាបញ្ហាប្រឈមចម្បងមួយ នៅក្នុងការទាក់ទាញការវិនិយោគ។ ចំពោះបញ្ហានេះ រាជរដ្ឋាភិបាលកំពុងតែពិនិត្យលទ្ធភាពធ្វើការបញ្ចុះថ្លៃអគ្គិសនីជាបណ្តើរៗថែមទៀតចាប់តាំងពីឆ្នាំ២០១៩ នេះតទៅ។
៤៖ រាជរដ្ឋាភិបាលកំពុងរៀបចំបង្កើតធនាគារ SMEs ព្រមទាំងមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា ទន្ទឹមនឹងការដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនទៀត នៅក្នុងក្របខណ្ឌ នៃគោលនយោបាយជំរុញអភិវឌ្ឍន៍ SMEs ដើម្បីលើកម្ពស់វិស័យនេះ ឲ្យក្លាយជាក្បាលម៉ាស៊ីនប្រកបដោយជវភាព នៅក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ច។
៥៖ កម្ពុជាកំពុងរៀបចំខ្លួនដើម្បីចាប់យកសក្តានុពលនិងប្រយោជន៍នៃសេដ្ឋកិច្ច Digital ដែលកំពុងតែកើនឡើង និងរីកដុះដាក់នៅក្នុងតំបន់ និងពិភពលោក។ដូចបណ្តាលប្រទេសនៅក្នុងតំបន់, កម្ពុជាកំពុងតែបង្កើតការវិនិយោគរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធអេកូឡូស៊ីសម្រាប់ទ្រទ្រង់ការរីកចម្រើននៃសេដ្ឋកិច្ច Digital នេះដែលរួមបញ្ជូលនូវការអភិវឌ្ឍស្ថាប័ន, ការកសាង ហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង និងការបណ្តុះបណ្តាលធនធានមនុស្ស។
នៅក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញនាយកប្រតិបត្តិ និងវិនិយោគិន ទៅស្វែងយល់ពីកាលានុវត្តភាព វិនិយោគជាក់ស្តែង ដែលកម្ពុជាអាចផ្តល់ជូន ក៏ដូចជា ភាពបុរេសកម្មរបស់ រាជរដ្ឋាភិបាលក្នុងការកែទម្រង់ ជាពិសេសការកែលម្អគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងរឹង និងទន់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់វិនិយោគិនក្នុងទិសដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិស្ថានវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា៕